ពលរដ្ឋប៉ាឡែស្ទីននៅ GAZA ជាង៥០.០០០នាក់នឹងទៅជាយ៉ាងណា? ក្រោយពី UN ប្រកាសកាត់បន្ថយជំនួយមនុស្សធម៌ជាស្បៀងអាហារដោយសារកង្វះថវិកាធ្ងន់ធ្ងរ
ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាពេលនេះកំពុងប្រឈមមុខនឹងស្ថានភាពកង្វះមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរឡើងៗ ហើយ ដោយសារអង្គការសហប្រជាជាតិ (UN) ត្រូវកាត់បន្ថយជំនួយស្បៀងអាហារយ៉ាងខ្លាំងព្រោះតែខ្សត់ថវិកា។ ស្ថានការណ៍បែបនេះ បានធ្វើឱ្យបញ្ហាអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរកើនឡើងសម្រាប់គ្រួសារមនុស្សរាប់ពាន់គ្រួសារ ដែលត្រូវពឹងផ្អែកភាគច្រើនលើជំនួយមនុស្សធម៌ដើម្បីរស់រានមានជីវិតបន្ត ក្រោយពីជួបប្រទះសង្រ្គាម។ ប្រធានទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា៖ អង្គការនេះត្រូវបានកាត់បន្ថយជំនួយស្បៀងអាហារសម្រាប់ជនជាតិប៉ាឡេស្ទីនចំនួន៥០ម៉ឺននាក់នៅតំបន់ហ្គាហ្សា និង ២០ម៉ឺននាក់ទៀតនៅក្នុងតំបន់វេសប៊ែង (West Bank) ដោយសារតែការខ្វះខាតថវិកាធ្ងន់ធ្ងរ។ លោក Eid Abu Ashma ដែលជាជនភៀសខ្លួនម្នាក់មកពីភាគខាងជើងតំបន់ហ្គាហ្សា ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួននៅភាគខាងត្បូងទីក្រុង Deir al-Balah បាននិយាយថា៖ រយៈពេល៣ឆ្នាំមកហើយដែលពួកយើងរងទុក្ខលំបាក។ ៣ឆ្នាំមកនេះ ពួកយើងបានរស់នៅក្នុងស្ថានភាពមិនច្បាស់លាស់ ដោយពេលខ្លះទទួលបានជំនួយ ហើយពេលខ្លះទៀតជំនួយត្រូវបានកាត់បន្ថយភ្លាមៗ។ តើពួកយើងអាចរកស្បៀងអាហារពីណាមកបាន? ពួកយើងជាមនុស្ស មិនមែនជាសត្វទេ។ លោក Carl Skau ប្រធានស្តីទីនៃកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) បានអំពាវនាវកាលពីដើមសប្តាហ៍នេះ ទៅកាន់សហគមន៍អន្តរជាតិឱ្យជួយផ្តល់ថវិកាចំនួន៤៥០លានដុល្លារ ដើម្បីឱ្យទីភ្នាក់ងារនេះអាចស្តារជំនួយដែលត្រូវបានកាត់បន្ថយនោះឡើងវិញបាន ព្រមទាំងអាចផ្តល់អាហារចម្អិនរួច និងកញ្ចប់ស្បៀងអាហារនៅក្នុងតំបន់ហ្គាហ្សា និងតំបន់វេសប៊ែង សម្រាប់រយៈពេល ៦ ខែខាងមុខទៀត។ ដោយសារតែកង្វះថវិកា ចំនួនអ្នកទទួលបានជំនួយនៅក្នុងតំបន់ហ្គាហ្សាត្រូវបានកាត់បន្ថយនៅក្នុងខែនេះ ពីចំនួន១,៦លាននាក់ មកនៅត្រឹម១,១ លាននាក់ប៉ុណ្ណោះ។ លោក Adeeb Abu Samra ដែលជាជនភៀសខ្លួនម្នាក់មកពីតំបន់ Beit Lahia បាននិយាយថា ការកាត់បន្ថយជំនួយនេះនឹងជះឥទ្ធិពលអាក្រក់ដល់គ្រួសាររបស់លោកដែលមានសមាជិក៦នាក់ ដែលវាកើតឡើងដូចទៅនឹងប្រជាជនជាច្រើនទៀតនៅក្នុងតំបន់ហ្គាហ្សាដែរ គឺពួកយើងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើជំនួយមនុស្សធម៌ដើម្បីរស់រានមានជីវិត ព្រោះតំបន់មានសង្រ្គាម ពួកយើងមិនរកអ្វីបាន ទោះលក់ដូរក៏គ្មានអ្នកមានលុយទិញបានដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


