ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អបអរសាទរប្រតិភូយុវជនកម្ពុជា ដែលរៀបចំធ្វើម្ចាស់ផ្ទះនៃកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី ៥០ នៅខែមករា ខាងមុខ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជននិងកីឡា និងប្រតិភូយុវជនកម្ពុជាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្តល់អនុសាសន៍ត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ ក្នុងពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលនាវា (Port-of-call) ជាលើកទី ៣ ចាប់តាំងពីឆ្នាំ២០១៤ មក។
នៅក្នុងគ្រាដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី (SSEAYP) លើកទី ៥០ នេះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមអបអរសាទរ និងបង្ហាញនូវមោទកភាព ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិដ៏ចម្បងមួយក្នុងតំបន់អាស៊ីនេះ គឺជាឱកាសដ៏ល្អសម្រាប់ធ្វើការបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាដល់ប្រតិភូយុវជនពីបណ្តាប្រទេសអាស៊ានផ្សេងទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងដំណើរការយ៉ាងរលូន និងទទួលជោគជ័យ ដែលជោគជ័យនេះ គឺសម្រាប់ប្រជាជាតិទាំងមូលផងដែរ។
សូមបញ្ជាក់ថា កម្មវិធី SSEAYP លើកទី៥០ គ្រោងនឹងប្រព្រឹត្តឡើងរយៈពេល ៣៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧ ដែលនាវាយុវជននេះ នឹងចូលចតនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមករា ឆ្នាំ២០២៧ មុនពេលធ្វើដំណើរបន្តឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងបញ្ចប់នៅប្រទេសជប៉ុន។ ប្រតិភូយុវជនកម្ពុជាចំនួន ២១នាក់ ដែលត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ដោយក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមក្នុងកម្មវិធីនេះផងដែរ។


