រូបថតដ៏កម្រ១សន្លឹកនៃអតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ទទួលសៀវភៅជាអំណោយរបស់ព្រះមហាក្សត្រ Charles ទីIII ខណៈមេដឹកនាំមីយ៉ាន់ម៉ាព្យាយាមបញ្រ្ជាបខ្លួនលើឆាកអន្តរជាតិ

រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលគាំទ្រដោយយោធា បានប្រកាសកាលពីថ្ងៃចន្ទនេះថា ខ្លួនបានប្រគល់សៀវភៅចំនួន២ក្បាល ដែលផ្ញើដោយព្រះមហាក្សត្រ ឆាលទី៣ (King Charles III) ជូនដល់អតីតមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូ ជី (Aung San Suu Kyi) ដែលកំពុងត្រូវបានឃុំខ្លួន រួមជាមួយស្រោមសំបុត្របិទជិតមួយច្បាប់ និងលិខិតផ្លូវការផ្នែកការទូតរួចរាល់ហើយ។ លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលបានធ្វើរដ្ឋប្រហារ ដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងនាមជាមេបញ្ជាការកងទ័ព បាននឹងកំពុងព្យាយាមបញ្ចប់ភាពឯកោរបស់មីយ៉ាន់ម៉ាពីវេទិកាអន្តរជាតិ ដែលបានកើតឡើងបន្ទាប់ពីរូបលោកស្រី ស៊ូ ជី ត្រូវបានទម្លាក់ពីអំណាច និងចាប់ដាក់ឃុំក្នុងពន្ធនាគារ។ ទោះបីជាលោក មីន អ៊ុងឡាំង ធ្លាប់រងការដាក់ទណ្ឌកម្មក៏ដោយ ប៉ុន្តែបច្ចុប្បន្នលោកកំពុងព្យាយាមបង្ហាញនូវរូបភាពនៃការវិលត្រឡប់ទៅរកប្រក្រតីភាពវិញ តាមរយៈការរៀបចំការបោះឆ្នោតនៅឆ្នាំ ២០២៥ និងការពង្រឹងទំនាក់ទំនងរបស់មីយ៉ាន់ម៉ាជាមួយប្រទេសជិតខាងក្នុងតំបន់ដែរ។ ការិយាល័យសារព័ត៌មាន និងព័ត៌មាននៃប្រធានរដ្ឋមីយ៉ាន់ម៉ា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើបណ្តាញ Telegram ថា មន្ត្រីមកពីក្រសួងមហាផ្ទៃបានប្រគល់វត្ថុទាំងនោះជូនដល់ដល់ដៃលោកស្រី ស៊ូ ជី ហើយនៅរដ្ឋធានីណៃពិដោ (Naypyidaw)។ សៀវភៅទាំងនោះរួមមាន៖ សៀវភៅដែលមានចំណងជើងថា «The Land Gardeners: Soil to Table» សរសេរដោយអ្នកនិពន្ធជនជាតិអង់គ្លេស គឺលោកស្រី Bridget Elworthy និងលោកស្រី Henrietta Courtauld (ដែលនិយាយអំពីទំនាក់ទំនងរវាងដីដែលមានជីវជាតិល្អ និងអាហារ) និងសៀវភៅមួយក្បាលទៀតដែលមានចំណងជើងថា «Soil: The World at Our Feet» ដែលជាម៉ូឌែលនៃពិព័រណ៍ស្តីពីបរិស្ថានមួយនៅទីក្រុងឡុងដ៍៕

សម្រួលអត្ថបទ៖ សុផារិន្ទ