ទីក្រុងជាច្រើនក្នុងប្រទេសបារាំងបានដាក់បម្រាមគោចរ ក្រោយផ្ទុះបាតុកម្មតវ៉ាដោយហឹង្សាបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងបាតុករខ្លះប្រើប្រាស់រូបភាពបាតុកម្មលួចប្លន់ហាងទំនិញល្បីៗយ៉ាងគឃ្លើន
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា ទីក្រុងជាច្រើននៅក្នុងប្រទេសបារាំងបានប្រកាសដាក់បម្រាមគោចរ ដែលបានអនុវត្តចាប់ពីល្ងាចថ្ងៃចន្ទម្សិលមិញនេះតទៅ (ម៉ោងនៅបារាំង)បន្ទាប់ពីមានបាតុកម្ម ក្នុងរូបភាពលួចប្លន់ និងប្រើអំពើហិង្សាអំឡុងពេលនៃការតវ៉ាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ស្ថានីយទូរទស្សន៍បារាំង BFM TV បានដកស្រង់សម្តីអាជ្ញាធរមូលដ្ឋានបញ្ជាក់ថានៅទីក្រុងប៉ារីស បម្រាមគោចរនឹងត្រូវអនុវត្តចាប់ពីម៉ោង ២៣:០០នាទីរហូតដល់ម៉ោង០៦:០០នាទី នៅជុំវិញតំបន់ Place de la Republique និងតាមដងផ្លូវនានាជុំវិញតំបន់ Les Halles។ BFM TV ក៏បានរាយការណ៍ដែរថា នៅទីក្រុង Lyon (លីយ៉ុង) វិញអាជ្ញាធរមូលដ្ឋានបានសម្រេចដាក់បម្រាមគោចរចាប់ពីម៉ោង២១:០០នាទីរហូតដល់ម៉ោង០៦:០០នាទីនៅក្នុងផ្នែកខ្លះនៃតំបន់ Presqu’ile de Lyon ដែលស្ថិតនៅកណ្តាលទីក្រុង។ ព័ត៌មានពីការិយាល័យនាយករដ្ឋមន្ត្រីបារាំង (Matignon) បានឱ្យដឹងទៀតថា អាជ្ញាធរប្រចាំខេត្ត Nord ភាគខាងជើងប្រទេសបារាំង បានដាក់បម្រាមគោចរនៅក្នុងផ្នែកខ្លះនៃទីក្រុង Lille, Wattignies, Douai និង Denain ចាប់ពីម៉ោង២០:០០នាទីរហូតដល់ម៉ោង ០៦:០០នាទី សម្រាប់រយៈពេលពីរថ្ងៃ ចាប់ថ្ងៃចន្ទមក។ ការសម្រេចធ្វើបែបនេះ ដោយសារតែមានការឯកភាពពីអភិបាលក្រុងពាក់ព័ន្ធទាំងអស់ក្នុងប្រទេស ដើម្បីលុបបំបាត់ភាពចលាចល។ ចំណែកនៅក្នុងទីក្រុង Nice ភាគអាគ្នេយ៍ប្រទេសបារាំងវិញ អភិបាលក្រុងលោក Eric Ciotti បានប្រកាសនៅលើបណ្តាញសង្គម X របស់លោកថា បម្រាមគោចរសម្រាប់អនីតិជននឹងចាប់ផ្តើមអនុវត្តនៅម៉ោង២១:០០នាទីតទៅ។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទនោះដែរ លោក Sebastien Lecornu បានថ្លែងថា៖ បម្រាមគោចរមួយផ្នែកបានដាក់អនុវត្តនៅក្នុងតំបន់មួយចំនួនរួចហើយចាប់ពីល្ងាចថ្ងៃចន្ទម្សិលមិញ។ សូមបញ្ជាក់ថាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះមានមនុស្សប្រហែលជា៥៥ម៉ឺននាក់បានចូលរួមធ្វើបាតុកម្មតវ៉ា និង ខ្លះបានប្រើហឹង្សា លួចប្លន់ហាងទំនិញល្បីល្បាញនៅទូទាំងប្រទេសបារាំង។ យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងមហាផ្ទៃបារាំងកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថាមនុស្សសរុបចំនួន ២,៣៩៧នាក់ត្រូវគេចាប់ខ្លួន អំឡុងពេលចេញមកតវ៉ាដែលពោរពេញទៅដោយអំពើហិង្សាគ្រប់រូបភាព។ លើសពីនេះដែរ មន្ត្រីប៉ូលិស និងកងកម្លាំងសន្តិសុខ (gendarmes) សរុបចំនួន៩៩៧នាក់បានរងរបួស ក្នុងនោះមាន៧នាក់របួសធ្ងន់ធ្ងរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


