លោក Donald Trump ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Kansas ដែលជាផ្នែក១ជំរុញយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិមុនថ្ងៃទី៣ខែវិច្ឆិកាមកដល់
លោកប្រធានាធិបតី Donald Trump បានចូលរួមក្នុងកម្មវិធីជួបជុំជាមួយអ្នកគាំទ្រមួយនៅក្នុងរដ្ឋ Kansas ក្នុងគោលបំណងជំរុញទឹកចិត្តដល់អ្នកបោះឆ្នោតគណបក្សសាធារណរដ្ឋ មុនការបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកាមកដល់។ លោក Trump បាន បង្ហាញការគាំទ្រដល់សមាជិកព្រឹទ្ធសភា Roger Marshall ដែលកំពុងឈរឈ្មោះបោះឆ្នោតឡើងវិញ និងលោក Ty Masterson ពីគណបក្សសាធារណរដ្ឋ ដែលកំពុងឈរឈ្មោះជាអភិបាលរដ្ឋនេះ។ នៅដើមកម្មវិធី មានក្រុមអ្នកតវ៉ាយ៉ាងហោចណាស់៣នាក់បានរំខានដល់សុន្ទរកថារបស់លោកប្រធានាធិបតី មុនពេលពួកគេត្រូវបានឆ្មាំការពារនាំចេញទៅក្រៅ។ មនុស្សជាច្រើនបានស្រែកពាក្យថា “USA USA យ៉ាងខ្លាំងៗ ដើម្បីបិទបាំងសំឡេងរបស់អ្នកតវ៉ាទាំងនោះ។ លោក Trump បានលើកឡើងថា អ្នកតវ៉ាទាំងនោះទំនងជាត្រូវបានគេជួលមក ដោយនិយាយថាលោកអាច “ដឹងតាមរយៈសំឡេងរបស់ពួកគេថា ពួកគេត្រូវបានគេជួលមកឲ្យធ្វើបែបនេះ។ លោក Trump បាននិយាយអំពីអ្នកតវ៉ាម្នាក់ថា “ឥឡូវនេះ គាត់ត្រឡប់ទៅផ្ទះវិញជួបឪពុកម្តាយ ហើយប្រហែលជាត្រូវឳពុកម្តាយគេបន្ទោស ឬ វាយជាក់ជាមិនខាន។ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បានរិះគន់យ៉ាងចាស់ដៃទៅលើលោក Adam Hamilton បេក្ខជនព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ។ លោក Trump បាននិយាយថា៖ លោក Hamilton បានលេចមុខក្នុងក្រសែភ្នែករបស់លោកក្នុងនាមជា “មនុស្សឆ្កួតម្នាក់” ដែលតែងតែនិយាយ “រឿងមិនល្អ” អំពីលោក Trump និងគោលនយោបាយរបស់លោក។ លោក Trump បាននិយាយអំពីលោក Hamilton ដែលកំពុងប្រកួតប្រជែងជាមួយសមាជិកព្រឹទ្ធសភា Roger Marshall ថា “គាត់គឺជាមនុស្សជ្រុលនិយមខាងឆ្វេងដ៏ក្លែងក្លាយម្នាក់ ដែលកំពុងធ្វើពុតជាមនុស្សដែលមានទស្សនៈកណ្តាលទៅវិញ។ លោក Trump បានព្យាយាមបង្ហាញពីភាពខុសគ្នារវាងលោក Hamilton និងលោក Marshall ដោយពណ៌នាថា លោក Marshall គឺជាសមាជិកព្រឹទ្ធសភាដ៏ឆ្នើមម្នាក់ ដែលនឹងការពារសិទ្ធិក្នុងការកាន់កាប់អាវុធ ប្រឆាំងនឹងគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យ និងគាំទ្រតម្លៃនៃសាសនាគ្រឹស្ត។ ពិធីជួបជុំគ្នាធ្វើឡើងក្នុងពេលដែលគណបក្សសាធារណរដ្ឋកំពុងចំណាយថវិកាយ៉ាងច្រើនសម្រាប់ការប្រកួតប្រជែងក្នុងព្រឹទ្ធសភា នៅរដ្ឋ Kansas, Nebraska និង Iowa ដោយសារមានក្តីបារម្ភអំពីកម្រិតនៃការចាប់អារម្មណ៍របស់អ្នកបោះឆ្នោត។ លោក Trump ក៏ធ្លាប់បានឈ្នះសំឡេងឆ្នោតនៅរដ្ឋ Kansas ដោយនាំមុខគូប្រជែងពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Kamala Harris ចំនួន១៦% ប៉ុន្តែបច្ចុប្បន្ននេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Roger Marshall កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីលោក Adam Hamilton មកពីគណបក្សប្រជាធិបតេយ្យដូចគ្នា៕
សម្រួលអត្ថបទ៖ សុផារិន្ទ


