មន្ទីរកសិកម្មខេត្តមណ្ឌលគិរី បន្តជំរុញការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ក្រោម «គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា» នៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី៖ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្កបង្កើនផល ការប្រមូលផលស្រូវ ការធ្វើបង្ហាញបច្ចេកទេសកសិកម្មវៃឆ្លាត ធន់នឹងការប្រែប្រួលអាកាសធាតុ និងការងារដាំដុះបន្លែរបស់ប្រជាកសិករ ស្ថិតនៅក្នុងឃុំរយ៉ និងឃុំអបួនលើ ស្រុកកោះញែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
លោកបណ្ឌិត សុង ឃាង បានឱ្យដឹងថា សកម្មភាពចុះពិនិត្យ និងគាំទ្របច្ចេកទេសនាឱកាសនេះ គឺស្ថិតនៅក្រោមក្របខ័ណ្ឌអនុវត្ត «គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា» ដែលមានគោលដៅជំរុញបង្កើនការយល់ដឹងពីការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុដល់កសិករដាំដុះដំណាំស្រូវ និងបន្លែ។ ការធ្វើបែបនេះ គឺដើម្បីបង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកទេសថ្មី ដែលជួយសន្សំសំចៃទឹក កាត់បន្ថយកម្លាំងពលកម្ម កាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងជួយបង្កើនផលិតភាព គុណភាពផលិតផលកសិកម្ម និងលើកកម្ពស់ប្រាក់ចំណូលក្នុងគ្រួសារកសិករឱ្យកាន់តែប្រសើរឡើង។ ក្នុងដំណើរចុះពិនិត្យនោះ លោកប្រធានមន្ទីរ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករ សាកសួរអំពីសុខទុក្ខ ទិន្នផលទទួលបាន និងបញ្ហាប្រឈមផ្សេងៗក្នុងការបង្កបង្កើនផល ការប្រមូលផលស្រូវ ព្រមទាំងការដាំដុះបន្លែ។ លោកបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កសិករ ដែលបានកែប្រែទម្លាប់ធ្វើកសិកម្មបែបបុរាណ មកអនុវត្តតាមបច្ចេកទេសថ្មីៗ ដើម្បីបង្កើនទិន្នផល និងធានាបាននូវសុវត្ថិភាពម្ហូបអាហារក្នុងគ្រួសារ និងទីផ្សារ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវបន្តចុះតាមដាន គាំទ្រ និងចម្លងចំណេះដឹងបច្ចេកទេសទាំងនេះ ជូនដល់កសិករឱ្យបានទូលំទូលាយ និងជាប់លាប់ សំដៅធានាបាននូវសន្តិសុខស្បៀង និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាពក្នុងខេត្តមណ្ឌលគិរី។
តាមរបាយការណ៍ទិន្នន័យនៃការបង្កបង្កើនផលក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៦ នេះបានបង្ហាញថា៖
ដំណាំបន្លែ និងគ្រឿងទេស៖ អនុវត្តបានសរុបចំនួន ៦២៩ ហិកតា (ស្មើនឹង ១០៣,១១% នៃផែនការប្រចាំឆ្នាំ) ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ២៦៧ ហិកតា (ស្មើនឹង ៤២,៤៥% នៃផ្ទៃដីអនុវត្ត) ដោយទទួលបានទិន្នផលមធ្យម ១១,៧៦៧ តោន/ហិកតា និងទទួលបានបរិមាណផលសរុប ៣ ១៤២ តោន។ ដំណាំស្រូវវស្សា៖ អនុវត្តបានសរុបចំនួន ៣៣ ៥៦៥ ហិកតា ដោយបច្ចុប្បន្នការប្រមូលផលស្រូវស្រាលសម្រេចបានចំនួន ១៤ ២១៣ ហិកតា ទទួលបានទិន្នផលមធ្យម ៣,៦៨១ តោន/ហិកតា និងបរិមាណផលសរុបចំនួន ៥២ ៣២២ តោន៕


