ទូរទស្សន៍ជាតិកម្ពុជា ត្រៀមលក្ខណៈផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
ទូរទស្សន៍ជាតិកម្ពុជា នឹងត្រៀមលក្ខណៈផ្សព្វផ្សាយកិច្ចប្រជុំកំពូលអន្តរជាតិហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយផ្សព្វផ្សាយចាប់ពីមុនព្រឹត្តិការណ៍ អំឡុងពេល និងក្រោយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
នេះជាប្រសាសន៍លើកឡើង ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងឱកាសនៃការអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអន្តរជាតិហ្វ្រង់កូហ្វូនីលើកទី២០ ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
កិច្ចប្រជុំនាឱកាសនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការរៀបចំផែនការផ្សព្វផ្សាយព័ត៌មាន ដើម្បីធានាឱ្យការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងផ្តល់ព័ត៌មានបានទូលំទូលាយ និងច្បាស់លាស់ជូនសាធារណជន។
ក្នុងឱកាសនោះ ឯកឧត្តម ឃឹម វុទ្ធី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធយកចិត្តទុកដាក់លើការត្រៀមលក្ខណៈ និងរៀបចំផែនការផ្សព្វផ្សាយឱ្យបានច្បាស់លាស់ ដោយត្រូវកំណត់ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រុមការងារជំនាញនីមួយៗឱ្យបានសមស្រប ពិសេសយកចិត្តទុកដាក់លើការងារផ្សាយផ្ទាល់លើព្រឹត្តិការណ៍សំខាន់ៗ និងការផលិតព័ត៌មានរាល់ព្រឹត្តិការណ៍របស់ហ្វ្រង់កូហ្វូនីទាំងអស់ ដើម្បីធានាឱ្យការអនុវត្តការងារមានភាពស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាព។
ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ឱ្យពង្រឹងកិច្ចសហការ ព្រមទាំងត្រៀមធនធានមនុស្ស និងសម្ភារៈបច្ចេកទេសឱ្យបានគ្រប់គ្រាន់ ដើម្បីធានាដល់ការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងទាន់ពេលវេលា។ ជាមួយគ្នានេះ ការផ្សព្វផ្សាយត្រូវបង្ហាញឱ្យបានច្បាស់អំពីកិត្យានុភាពរបស់កម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ព្រមទាំងសក្តានុពល និងសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជាផងដែរ។
អង្គប្រជុំបានពិភាក្សាលើការរៀបចំផែនការ និងការសម្របសម្រួលការងាររវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ និងស្របតាមតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
កិច្ចប្រជុំនេះ ជាការត្រៀមលក្ខណៈដ៏សំខាន់មួយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងការចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍អន្តរជាតិនេះឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី និងបង្ហាញពីតួនាទីរបស់កម្ពុជាក្នុងការលើកកម្ពស់មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕


