រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការគ្រប់វត្ត ទូទាំងខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង) នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការគ្រប់វត្ត ទូទាំងខេត្តកំពង់ឆ្នាំង នៅវត្តចន្ទប្បជោត្តនារាម(វត្តតាសុត)។ ពិធីនេះ មានការនិមន្តចូលរួមពីសំណាក់ ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង គណៈមហានិកាយ ព្រះគ្រូរាជធម្មនាថ ជីម រន ព្រះគ្រូទទួលបន្ទុកកិច្ចការគណៈសង្ឃ គណៈធម្មយុត្តិកនិកាយខេត្តកំពង់ឆ្នាំង ព្រះធម្មវនវាសី សុន ចាន់វីរៈ ព្រះបាឡាត់គណស្ដីទីខេត្តកំពង់ឆ្នាំង ព្រះអនុគណគ្រប់ក្រុង ស្រុក ព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃគ្រប់វត្ត ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង ព្រមទាំងអាចារ្យ គណៈកម្មការគ្រប់វត្ត សរុបចំនួន ៨២៩អង្គ/នាក់។
ជាកិច្ចចាប់ផ្ដើម លោកជំទាវ ប៊ន សុភី អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍ស្ដីពីសកម្មភាពព្រះពុទ្ធសាសនា និងការប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងខេត្ត ដោយកន្លងមក ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃគ្រប់វត្ត បានធ្វើឧបោសថកម្មក្នុងមួយខែចំនួនពីរដង ស្របតាមសេចក្ដីណែនាំដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនា រួមជាមួយគណៈសង្ឃនាយកទាំងពីរគណៈ ហើយព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្ត បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ជាពិសេសបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹកជាបន្តបន្ទាប់ ព្រមទាំងបានរៀបចំពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅគ្រប់វត្តទូទាំងខេត្ត ប្រកបដោយសណ្ដាប់ធ្នាប់ និងសុវត្ថិភាព។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ និងជូនពុទ្ធបរិស័ទទូទាំងខេត្ត ដែលជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទគ្រប់ពេលវេលា ជាក់ស្ដែងកាលពី រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌកន្លងទៅ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនទេយ្យទានជាអង្ករដល់វត្តដែលមានការខ្វះខាតចំនួន ៦០វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាបណ្ដាវត្តខ្វះខាតផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តតួនាទី និងភារកិច្ចរបស់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការគ្រប់វត្ត ជាពិសេសព្រះភិក្ខុ សាមណេរ ត្រូវបំពេញករណីយកិច្ចរៀងៗព្រះអង្គ ហើយត្រូវប្រតិបត្តិខ្ជាប់ខ្ជួននូវសិក្ខាទាំង៣ គឺ ១. អធិសីលសិក្ខា (ប្រកាន់ខ្ជាប់នូវសីល) ២. អធិចិត្តសិក្ខា (ប្រកាន់ខ្ជាប់នូវសមាធិ) ៣. អធិប្បញ្ញាសិក្ខា (ប្រកាន់ខ្ជាប់នូវការអប់រំបញ្ញា) និងត្រូវដឹកនាំ ជួយសម្រួលដល់កិច្ចការគ្រប់គ្រងវត្តអារាម ធ្វើយ៉ាងណាឱ្យមាននូវសាមគ្គីធម៌ សុខដុមរមនា រវាងព្រះសង្ឃនិងព្រះសង្ឃ ព្រះសង្ឃនិងពុទ្ធបរិស័ទ ទប់ស្កាត់កុំឱ្យមានអធិករណ៍កើតឡើងក្នុងវត្ត។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា សូមឱ្យព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការគ្រប់វត្ត រួមទាំងពុទ្ធបរិស័ទទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ រួមគ្នាអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។ កន្លងមក ព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន មានដូចជា ស្ពាន ថ្នល់ វត្តអារាម សាលារៀន មន្ទីរពេទ្យ កាកបាទក្រហម ការងារសង្គម ការងារមនុស្សធម៌ និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសង្គម។ ជាពិសេសក្នុងស្ថានភាពដែលប្រទេសជាតិកំពុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រះសង្ឃគឺជាទីពឹងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការរក្សាឯកភាពជាតិ និងការលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិមុខ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ព្រះមន្ត្រីសង្ឃក្នុងខេត្ត ក្រុង ស្រុក ព្រះគ្រូចៅអធិការ និងអាចារ្យ គណៈកម្មការវត្តទាំងអស់ ចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់នូវ និងអភិក្រម«ប៥»ដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនារួមជាមួយគណៈសង្ឃនាយក ១.បព្វជ្ជា គឺពង្រឹងយន្តការ បួស និងការបំបួស ២.បរិយត្តិ គឺការព្រឹងវិស័យពុទ្ធិកសិក្សា ៣.បដិបត្តិ គឺការពង្រឹងកិច្ចប្រតិបត្តិ ៤.បដិវេធ គឺធានាឱ្យបាននូវស័ក្តសិទ្ធភាព ប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ច ៥.បព្វាជនីយកម្ម គឺយន្តការវះកាត់ក្នុងករណីកើតភាពអសកម្ម និងអភិក្រម «ស៣» របស់ក្រសួងធម្មការនិងសាសនា គឺ វត្តស្អាត វត្តស្វាង វត្តស្ងប់ ដើម្បីរួមគ្នាកសាងវត្តអារាមឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំសីលធម៌ វប្បធម៌ និងការអភិវឌ្ឍសហគមន៍ ដ៏មានរបៀបរៀបរយ ស្អាតបាត និងគួរជាទីជ្រះថ្លា និងសូមឱ្យចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដោយអប់រំណែនាំពុទ្ធបរិស័ទឱ្យគោរពច្បាប់ចរាចរណ៍ វៀរចាកឆ្ងាយពីគ្រឿងញៀន អំពើអានាចារ ល្បែងស៊ីសងគ្រប់ប្រភេទ និងការបោកប្រាស់តាមអនឡាញជាដើម ដើម្បីរួមចំណែកកសាងសហគមន៍ និងសង្គមកម្ពុជាឱ្យមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងភាពសុខក្សេមក្សាន្ត និងមិនត្រូវយកវត្តអារាម និងសាសនដ្ឋានធ្វើជាកន្លែងប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃព្រះពុទ្ធសាសនា និងសេចក្ដីថ្លៃថ្នូរសង្គម ហើយសូមឱ្យបង្កើនការត្រួតពិនិត្យ តាមដាន ក៏ដូចជាសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ជាមុននូវរាល់សកម្មភាពអសកម្មទាំងឡាយ ដែលអាចកើតមានឡើងក្នុងបរិវេណវត្តអារាម។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៦ កន្លងទៅ ប្រកបដោយសណ្ដាប់ធ្នាប់ និងសុវត្ថិភាព។ ម្យ៉ាងទៀតថ្ងៃបវារណាចេញព្រះវស្សារបស់ព្រះសង្ឃ និងរដូវកឋិនទាន ជិតឈានចូលមកដល់ ឯកឧត្តមបានផ្ដាំផ្ញើដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការគ្រប់វត្ត និងមន្ទីរធម្មការនិងសាសនាខេត្ត ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ រៀបចំពិធីបុណ្យកឋិនឱ្យបានត្រឹមត្រូវតាមព្រះធម៌វិន័យ និងប្រពៃណី ក្នុងស្មារតី «ព្រះពុទ្ធសាសនាតែមួយ សាសនពិធីតែមួយ» ដោយរក្សាភាពសាមញ្ញ សន្សំសំចៃ មិនបង្កជាបន្ទុកដល់ពុទ្ធបរិស័ទ សម្របសម្រួលដល់ពុទ្ធបរិស័ទទាំងទីជិតទីឆ្ងាយបានមកធ្វើបុណ្យដោយសុខសុវត្ថិភាព និងត្រូវឆក់យកឱកាសនេះ ទេសនាអប់រំណែនាំដល់ពុទ្ធបរិស័ទ ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដើម្បីកសាងភាពជាពុទ្ធបរិស័ទល្អសម្រាប់ព្រះពុទ្ធសាសនាផង និងរក្សាភាពជាពលរដ្ឋល្អនៅក្នុងសង្គមផង។
មុននឹងបញ្ចប់ ឯកឧត្តម ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការគ្រប់វត្តក្នុងខេត្តកំពង់ឆ្នាំង ដែលបាននិមន្តចូលរួមយ៉ាងសកម្មក្នុងការថែរក្សាគុណតម្លៃព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិនាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគាំទ្រវិស័យព្រះពុទ្ធសាសនាជានិច្ច ហើយបានប្រគេនពរ និងជូនពរដល់អង្គពិធីទាំងមូល សូមប្រកបដោយឧត្តមពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕


