លោកជំទាវ ជា លាង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃស្ថាប័នអយ្យការ ចូលរួមកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ានលើកទី១ និងសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៦ នៅប្រទេសព្រុយណេ

សេចក្តីប្រកាសព័ត៌មាន: ស្តីពី ការអញ្ជើញចូលរួម កិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ានលើកទី១ និងសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៦ នៅប្រទេសព្រុយណេ។

លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រ កម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃស្ថាប័នអយ្យការអញ្ជើញចូលរួម កិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គ រដ្ឋអាជ្ញាអាស៊ាន លើកទី១ និងសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៦” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅរាជធានី បានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ តបតាមការអញ្ជើញរបស់អគ្គព្រះរាជអាជ្ញានៃប្រទេសព្រុយណេ នៅបន្ទប់ (VIP) របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដោយគណៈប្រតិភូអញ្ជើញចេញដំណើរ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១:១០នាទី ព្រឹក តាមជើងហោះហើរលេខ: MH 755 ។

ស្របគ្នាជាមួយនឹងកិច្ចប្រជុំ និងសន្និសីទខាងលើនេះ លោកជំទាវអគ្គព្រះរាជអាជ្ញានឹងជួបពិភាក្សា ទ្វេភាគីជាមួយ ឯកឧត្តម យ៉ីង យ៉ុង អគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋប្រជាមានិតចិន, ជំនួបទ្វេភាគីជាមួយ នឹងអគ្គរដ្ឋអាជ្ញាសិង្ហបុរី និងជំនួបទ្វេភាគីជាមួយនឹងអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជំនួបទ្វេភាគីដែលគ្រោងរៀបចំឡើងនេះ នឹងពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នអយ្យការក្នុងក្របខណ្ឌនៃការចែករំលែកព័ត៌មាន ឧត្តមានុវត្តន៍ការងារ បទពិសោធន៍ ចំណេះដឹង បញ្ហាប្រឈម និងការសម្រេចបានរបស់កម្ពុជា ក្នុងការបន្តប្រយុទ្ធប្រឆាំងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ជាដើម៕