ប្រជាជនម៉ិកស៊ិកទ្រាំលែងបានចេញមកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទាមទារសិទ្ធិប្រើប្រាស់ទឹកស្អាត! ដោយសារតាំងពីខែកញ្ញាឆ្នាំមុនមក ពួកគេទទួលបានតែទឹកកខ្វក់ មានសារធាតុគីមី

កាលពីថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋនៅទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក បានរៀបចំការតវ៉ាមួយលើកទៀត ដោយទាមទារឱ្យមានសេវាកម្មទឹកស្អាតសម្រាប់ប្រើប្រាស់។ អ្នកតវ៉ាមួយចំនួនត្រូវបានគេឃើញថា បានឡើងទៅលើបង្អួចនៃអគាររដ្ឋបាល ហើយបានគូរគំនូរ ឬសរសេរអក្សរលើជញ្ជាំងអគារនោះ។ អ្នកផ្សេងទៀតបានដើរដង្ហែរជាក្បួនព្រមទាំងច្រៀង ស្រែកពាក្យស្លោក ហើយបន្ទាប់មកបានអង្គុយចុះអំឡុងពេលតវ៉ានោះ ដើម្បីរក្សាភាពស្ងប់ស្ងាត់ និងបង្ហាញថាពួកគេកំពុងប្រឆាំងដោយសន្តិវិធី។ អ្នកស្រី Gloria Nuño ដែលជាអ្នកចូលរួមក្នុងការតវ៉ានេះ បានអះអាងថា គាត់និងអ្នកដទៃទៀតទទួលបានទឹកកខ្វក់ដែលមានលាយសារធាតុគីមី។ អ្នកស្រី Nuño បាននិយាយថា៖ ក្នុងនាមជាពលរដ្ឋ យើងមានសិទ្ធិទទួលបានទឹកស្អាតត្រឹមត្រូវ។ ទឹកដែលទៅដល់ដៃប្រជាពលរដ្ឋនៅទីក្រុង Guadalajara គឺមានក្លិនស្អុយ និងមានសភាពល្អក់ ឬពណ៌លឿង។ ប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ថា ពួកគេបានធ្លាក់ខ្លួនឈឺដោយសារការប្រើប្រាស់ទឹកនៅក្នុងផ្ទះរបស់ពួកគេ។ លោក Carlos Jiménez ជាអ្នកតវ៉ាម្នាក់ទៀតបាននិយាយថា៖ យើងចាប់ផ្តើមសម្គាល់ឃើញថាទឹកនោះកខ្វក់ខ្លាំង និងមានក្លិនស្អុយ តាំងពីខែកញ្ញា ឬខែតុលា ឆ្នាំមុនមកម្ល៉េះ។ ហេតុនេះហើយ ទើបខ្ញុំមិនបានបង់ថ្លៃសេវាទឹកចាប់តាំងពីខែវិច្ឆិកា (ឆ្នាំ ២០២៥) មក ទោះបីជាវិក្កយបត្រនោះគឺជាថ្លៃ ‘ទឹក’ ក៏ដោយ ប៉ុន្តែទឹកដែលរដ្ឋបានផ្តល់ឱ្យយើងនោះមិនមែនជាទឹកស្អាតទេ។ ការតវ៉ាលើកដំបូងដើម្បីទាមទារសិទ្ធិទទួលបានទឹកស្អាត បានធ្វើឡើងនៅក្នុងរដ្ឋនេះកាលពីថ្ងៃទី ១១ ខែតុលា បានបង្កឱ្យមានការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមអ្នកតវ៉ា ព្រមទាំងមានការចាប់ខ្លួនមនុស្សរាប់សិបនាក់ផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ