ផ្ទុះសកម្មភាពតវ៉ាប្រឆាំងនៅបារាំងយ៉ាងធ្ងន់ធ្ងរ ដោយសារពលរដ្ឋបានមើលឃើញពីកំណើនឡើងខ្ពស់ក្នុងជីវិភាពនៅរបស់ពួកគេ និងសេវាសាធារណៈចុះខ្សោយនៅទូទាំងប្រទេស

ចាប់ពីថ្ងៃសៅរ៍មកមានមនុស្សជាង ៥៥០,០០០ នាក់បានចូលរួមក្នុងសកម្មភាពតវ៉ានៅទីក្រុងប៉ារីស និងទីក្រុងធំៗផ្សេងទៀតក្នុងប្រទេសបារាំង ដើម្បីប្រឆាំងនឹងកំណើនឡើងយ៉ាងគំហុកនៃថ្លៃចំណាយលើជីវភាពរស់នៅរបស់ពួកគេ និងគុណភាពសេវាសាធារណៈដែលកំពុងធ្លាក់ចុះ ដោយនៅតំបន់ខ្លះថែមទាំងមានការប៉ះទង្គិចគ្នាដោយហិង្សាថែមទៀតផង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង ការតវ៉ានេះមានការចូលរួមពីសំណាក់ក្រុមកសិករ សកម្មជនការពារអាកាសធាតុ សហជីព និងនិស្សិត ដោយពួកគេបានលើកឡើងនូវសំណូមពរពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈ ថ្លៃចំណាយលើជីវភាពរស់នៅ ការអប់រំ និងសេវាសាធារណៈ។ ការតវ៉ានេះត្រូវបានជំរុញដោយផែនការថវិកាឆ្នាំ ២០២៧ ដែលរដ្ឋាភិបាលបារាំងទើបតែបានស្នើឡើង។ ដោយប្រឈមមុខនឹងបំណុលសាធារណៈខ្ពស់ និងឱនភាពថវិកាធំធេង រដ្ឋាភិបាលមានគម្រោងកែលម្អហិរញ្ញវត្ថុសាធារណៈ តាមរយៈការបង្កើនចំណូល និងការកាត់បន្ថយការចំណាយ។ វិធានការដែលបានស្នើឡើងនេះ បានបង្កឱ្យមានក្តីបារម្ភរបស់ប្រជាសាធារណៈ អំពីតម្លៃទំនិញ និងផលប៉ះពាល់ដែលអាចកើតមានលើសេវាសាធារណៈរបស់ពួកគេ។ ក្នុងពេលជាមួយគ្នានោះដែរ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្តកើនឡើង ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងភាពមិនច្បាស់លាស់នៅក្នុងទីផ្សារថាមពលអន្តរជាតិ ក៏កំពុងបន្ថែមសម្ពាធពីខាងក្រៅមកលើសេដ្ឋកិច្ចបារាំង។ អ្នកតវ៉ាម្នាក់បាននិយាយថា៖ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនសូវជួបការលំបាកប៉ុន្មានទេ ព្រោះខ្ញុំមានការងារល្អ ហើយប្រាក់ចំណូលរបស់ខ្ញុំអាចគ្របដណ្តប់លើការចំណាយនានាបាន។ ប៉ុន្តែសម្រាប់មនុស្សជាច្រើនទៀត ស្ថានភាពនេះវាពិតជាបញ្ហាធំមួយសម្រាប់ពួកគេ។ សង្គ្រាមពិតជាបានធ្វើឱ្យតម្លៃធនធានមួយចំនួន ដូចជាប្រេងសាំង កើនឡើងខ្ពស់។ ចំពោះអ្នកដែលត្រូវពឹងផ្អែកលើរថយន្តផ្ទាល់ខ្លួន តម្លៃថាមពលគ្រប់ប្រភេទកំពុងតែឡើងថ្លៃយ៉ាងខ្លាំង។ អ្នកតវ៉ាម្នាក់ទៀតបាននិយាយថា៖ នៅរដូវក្តៅនេះ មានពេលខ្លះដែលខ្ញុំចង់បើកបររថយន្ត ប៉ុន្តែខ្ញុំបានគិតគូរយ៉ាងល្អិតល្អន់ ហើយចុងក្រោយក៏សម្រេចចិត្តលុបចោលការធ្វើដំណើរនោះ ព្រោះខ្ញុំមិនមានលទ្ធភាពចាក់ប្រេងឥន្ធនៈទេ។ ទាំងដែលខ្ញុំមិនមែនជាមនុស្សដែលពឹងផ្អែកខ្លាំងលើរថយន្តផងនោះ។ ខ្ញុំរស់នៅទីក្រុងប៉ារីស ហើយអាចប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈបាន។ ប៉ុន្តែសម្រាប់អ្នកដែលរស់នៅក្រៅទីក្រុងប៉ារីស ហើយត្រូវពឹងផ្អែកលើរថយន្តផ្ទាល់ខ្លួនដើម្បីធ្វើដំណើរទៅមកនោះ គឺវាពិតជាលំបាកខ្លាំងណាស់។ យោងតាមតួលេខដែលក្រសួងមហាផ្ទៃបារាំងបានចេញផ្សាយកាលពីថ្ងៃអាទិត្យ គឺមានមនុស្សសរុបចំនួន ២.៣៩៧ នាក់ត្រូវបានគេចាប់ខ្លួនក្នុងអំឡុងពេលការតវ៉ា ដែលគ្របដណ្ដប់ដោយអំពើហិង្សាដាក់គ្នា។ មន្ត្រីប៉ូលិស និងកងកម្លាំងសន្តិសុខ (gendarmes) សរុបចំនួន ៩៩៧ នាក់បានរងរបួស ក្នុងនោះមាន ៧នាក់គឺត្រូវរបួសធ្ងន់ថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ