សមាគមត្រកូលលឹមនៅកម្ពុជា រៀបចំអាហារសាមគ្គី ដើម្បីអបអរសាទរ ការបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៨ និងមហាសន្និបាតតំណាងសមាជិកសមាគមត្រកូលលឹម ពិភពលោក លើកទី៣ អាណត្តិទី១២
សកម្មភាពរបស់សមាគមត្រកូលលឹមនៅកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតី សាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ ចំពោះសុខមាលភាពសង្គម ព្រមទាំងស្មារតីទទួលខុសត្រូវ របស់សមាគមត្រកូលលឹមនៅកម្ពុជា ក្នុងការចូលរួមចំណែកជួយសង្គមជាតិកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារសាមគ្គី ដើម្បីអបអរសាទរការ បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៨ និងមហាសន្និបាតតំណាងសមាជិកសមាគមត្រកូលលឹម ពិភពលោក លើកទី៣ អាណត្តិទី១២។
ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ ចំពោះសមាគមត្រកូលលឹមនៅកម្ពុជា ដែលបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ សកម្មភាពធុរកិច្ច ការបង្កើនឱ្យកាសការងារ ការអភិវឌ្ឍន៍យុវជន និងការងារសប្បុរសធម៌ជាច្រើននៅតាមសហគមន៍។ ក្នុងនោះក្រុមគ្រួសារសមាគមត្រកូលលឹមនៅកម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសកម្ម តាមរយៈសកម្មភាពធុរកិច្ច ការបង្កើនឱ្យកាសការងារ និងការចូលរួមចំណែកអភិវឌ្ឍន៍យុវជន ព្រមទាំងជួយការងារដល់សហគមន៍បានយ៉ាងសកម្ម និងមានប្រសិទ្ធិភាព។ សកម្មភាពរបស់សមាគមគ្រួសារត្រកូលលឹមនៅកម្ពុជា ពិតជាចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន ដូចជាការជួយគាំទ្រដល់ជនមានពិការភាព និងមណ្ឌលកុមារកំព្រា ព្រមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការផ្តល់ជំនួយដល់វីរកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ។
លោក លឹម គួទ័ន ប្រធានសមាគមត្រកូលលឹម ពិភពលោក និងជាប្រធានសមាគមត្រកូលលឹម នៅហ្វីលីពីន បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ បងប្អូនត្រកូលលឹម នៅកម្ពុជា និងបងប្អូនត្រកូលលឹម នៅក្រៅប្រទេស បានចាក់ឫសរឹងមាំ ហើយមិនដែលភ្លេច ឬសំគាល់ដូនតារបស់ខ្លួនឡើយ ដោយតែងតែរួបរួមបងប្អូនក្នុងត្រកូល និងជួយយកអាសារគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់គ្រួសារដ៏ស្មោះត្រង់ លើកកម្ពស់វប្បធម៌ត្រកូល និងខិតខំកសាងកិច្ចការត្រកូលដោយបានរួមចំណែកយ៉ាងមានតម្លៃ និងលេចធ្លោបំផុតសម្រាប់ចំណងមិត្តភាពត្រកូលលឹមពិភពលោក ការសាមគ្គីភាពគ្រួសារ និងការផ្ទេរមរតកវប្បធម៌ ដែលសក្តិសមឱ្យគ្នាគោរព និងរៀនសូត្រតាម។
លោកប្រធានសមាគម បានថ្លែងថា ត្រកូលលឹម ក្រោមមេឃតែមួយ មានប្រភពដើម និងឫសគល់តែមួយ ដែលបានបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់។
ដោយឡែក លោក លឹម សៀវហ៊ាង ប្រធានសមាគមត្រកូលលឹមនៅកម្ពុជា បានឲ្យដឹងថា យើងមានដើមកំណើតតែមួយ ចិត្តតែមួយ បន្តកេរមរតកដូនតា យើងស្កាត់មកពីប្រទេសនាៗ ដើម្បីជួបជុំគ្នានៅរាជធានីភ្នំពេញ។ ក្នុងឱកាសនៃកិច្ចប្រជុំរួមក្រុមប្រឹក្សាភិបាល និងគណៈកម្មការត្រួតពិនិត្យនៃសមាគមត្រកូលលឹម ពិភពលោក លើកទី១២នេះ បងប្អូនត្រកូលលឹម មកពីទ្វីបទាំងប្រាំបានឆ្លងកាត់ទឹកដី និងសមុទ្ររាប់ពាន់គីឡូម៉ែត្រ មកជួបជុំគ្នានៅពេលនេះ ដើម្បីរឹតចំណងសាមគ្គីភាព ពិភាក្សាការងារត្រកូលរួមគ្នាកសាង និងការអភិវឌ្ឍ។ការរៀបចំកិច្ចប្រជុំរួមនៃសមាគមត្រកូលលឹម ពិភពលោក លើកនេះ គឺជាព្រឹត្តិការណ៍ដ៏ធំធេងនៃមហាគ្រួសារត្រកូលលឹម សកលលោក ហើយក៏ជាកិត្តិយសសម្រាប់ត្រកូលលឹម នៅកម្ពុជាផងដែរ។ ជាយូរណាស់មកហើយដោយទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ការចង្អុលបង្ហាញយ៉ាងសកម្មពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា និងការជួយជ្រោមជ្រែងពីសមាគមអាណិកជនចិនទាំងអស់ បានធ្វើឱ្យបងប្អូនត្រកូលលឹមនៅកម្ពុជា អាចរួបរួមសាមគ្គីគ្នា បន្តវេនប្រពៃណីដ៏ល្អប្រសើរ និងរួមចំណែកកសាងសង្គមជាតិ។
លោក បានបញ្ជាក់ថា សមាគមត្រកូលលឹម នឹងបន្តប្រកាន់ខ្ជាប់នូវពាក្យទូន្មានរបស់បុព្វបុរស ពង្រឹងចំណងមិត្តភាពក្នុងត្រកូល រួបរួមសាមគ្គី បណ្តុះបណ្តាលយុវជន ផ្សារភ្ជាប់ធនធានត្រកូលលឹម ទូទាំងសកលលោក លើកកម្ពស់ប្រពៃណីគ្រួសារដ៏ថ្លៃថ្នូរ ចូលរួមកសាងសង្គមអាណិកជន និងរួមចំណែកជំរុញមិត្តភាពកម្ពុជា-ចិន ឱ្យស្ថិតស្ថេរជានិច្ចនិរន្តព្រមទាំងធ្វើឱ្យកេរដំណែលត្រកូលបន្តរុងរឿងជារៀងរហូត៕


