៩ ខែ ឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី សម្រេចបានជាង ១,១ ពាន់លានដុល្លារ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីសម្រេចបាន ១,១៨ ពាន់លានដុល្លារ កើនឡើង ៤៦,៥៤% នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៦ ក្នុងនោះកម្ពុជានាំចេញទៅម៉ាឡេស៊ីបាន ១៦៣ លានដុល្លារ កើន ៥៧% ចំណែកម៉ាឡេស៊ីនាំចូលមកវិញមានតម្លៃ ១,០២ ពាន់លានដុល្លារ កើនឡើង ៤៤,៩៥%។

ម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៧ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី។ ទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ីបានផ្តោតជាសំខាន់លើវិស័យគន្លឹះនានា ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កំណើនដ៏គួរឲ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ម៉ាឡេស៊ី ដែលមានទំហំលើសពី ១ ពាន់លានដុល្លារ ខណៈភាគីទាំងពីរបានបើកផ្លូវយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការធុរកិច្ចទ្វេភាគី។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់ថា ៖ កម្ពុជានៅរក្សាទីផ្សារធំៗបានល្អ មានទីផ្សារសហរដ្ឋអាមេរិក ចិន ទីផ្សារអាសិប ទីផ្សារក្នុងតំបន់ និងការពង្រីកទីផ្សារថ្មីៗ។ «កំណើននៃការនាំចេញ ឆ្លុះបញ្ចាំងពីសុខភាពសេដ្ឋកិច្ចរបស់យើង ទោះបីសន្ទុះចលនានៃការរីកចម្រើនវាមិនលឿនខ្លាំងដូចមុន ដែលឆ្លុះបញ្ចាំងតាមរយៈផលទុនជាតិសរុប ដែលកើនក្នុងកម្រិតជាង៤%»។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារ កើនឡើង ២៤,៦៦% ក្នុងនោះ កម្ពុជានាំចេញទៅម៉ាឡេស៊ី មានតម្លៃ ១៤៣ លានដុល្លារ ធ្លាក់ចុះ ២,៥៥% ចំណែកឯម៉ាឡេស៊ីនាំចូលមកវិញ មានតម្លៃ ៩៣៥ លានដុល្លារ កើន ៣០,២៥%៕