ឯកឧត្តម ហេង សួរ អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមពិធីបូជាសព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង អញ្ជើញចូលរួមពិធីបូជាសព ឯកឧត្តម ហ៊ូ វុឌ្ឍី ដែលបានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅវេលាម៉ោង ៤:២៩នាទីរសៀល ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៅវត្តនិរោធរង្សី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត បានផ្តល់ភ្លើងបូជាសព ឯកឧត្តម ហ៊ូ វុឌ្ឍី ក្នុងអារម្មណ៍ក្តុកក្តួលរំជួលចិត្ត ស្រពាប់ស្រពោន ក្រៀមក្រំយ៉ាងក្រៃលែង និងអាឡោះអាល័យជាទីបំផុត ពីសំណាក់ក្រុមគ្រួសារសព កូនចៅ មិត្តភក្តិ សាច់ញាតិ មិត្តរួមអាជីពនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង-ស្ថាប័នផ្សេងៗ។

ឯកឧត្តម ហ៊ូ វុឌ្ឍី បានប្រសូតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៥២ នៅភូមិដើមស្លែង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាបុត្ររបស់លោកឪពុកនាម ហ៊ូ ពុំ និងអ្នកម្តាយនាម ទូច សយ។ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហ៊ូ វុឌ្ឍី គឺជាអគ្គរងនៃអគ្គនាយកដ្ឋានការងារ នៅឆ្នាំ១៩៩៨ – ២០១៣ និងនៅឆ្នាំ២០១៨ – ២០២០ ជាអនុរដ្ឋលេខាធិការ ហើយនៅឆ្នាំ២០២៣ – ២០២៦ គឺជារដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងមួយជីវិតរបស់ ឯកឧត្តម ហ៊ូ វុឌ្ឍី គឺជាគំរូនៃភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងការលះបង់ឥតគណនា រហូតទទួលបានការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ប្រភេទ ជាតូបការ, មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ និងព្រះរាជាណាចក្រថ្នាក់មហាសិរីវឌ្ឍន៍។

មរណភាពរបស់ ឯកឧត្តម ហ៊ូ វុឌ្ឍី គឺជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូបដែលបានលះបង់អស់កម្លាំងកាយ បញ្ញា ស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យទេសន្តរប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយឆន្ទៈ និងមនសិការមោះមុត ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ ព្រមទាំងជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃជាទីបផុត ចំពោះបុត្រា បុត្រី ចៅប្រុស ចៅស្រី។

ក្នុងឱកាសប្រកបដោយសេចក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ ឯកឧត្តម ហេង សួរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ ជាអនេកប្បការជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ហ៊ូ វុឌ្ឍី សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕