«គិរីកាហ្វេ» នាំយកមោទនភាពកាហ្វេខ្មែរពីទឹកដីមណ្ឌលគិរី បង្ហាញវត្តមានលើឆាកអន្តរជាតិ ក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ SIAL Paris 2026 នៅប្រទេសបារាំង
ទីក្រុងប៉ារីស÷ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee / Kiri Highland Heritage Trading Co., Ltd.) មានមោទនភាព និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបាននាំយកផលិតផលគ្រាប់កាហ្វេ និងកាហ្វេកែច្នៃគុណភាពខ្ពស់ ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី ទៅចូលរួមតាំងបង្ហាញក្នុងព្រឹត្តិការណ៍ដ៏ធំ គឺ «ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ (SIAL Paris 2026)» នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។
វត្តមានរបស់ «គិរីកាហ្វេ» នៅក្នុងព្រឹត្តិការណ៍ SIAL Paris 2026 នាពេលនេះ មិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ម៉ាកយីហោផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានដ៏រឹងមាំមួយក្នុងការនាំយកកិត្តិនាម អត្តសញ្ញាណ និងសក្តានុពលកាហ្វេកម្ពុជា ទៅបង្ហាញដល់អ្នកជំនាញ វិនិយោគិន ធុរជន និងអ្នកបញ្ជាទិញលំដាប់ពិភពលោក។
សមិទ្ធផលដ៏ធំធេង និងការឈានជើងចេញទៅកាន់ទីផ្សារអឺរ៉ុបនាពេលនេះ អាចប្រព្រឹត្តទៅបានដោយរលូន អាស្រ័យដោយមានការគាំទ្រ និងការជួយជ្រោមជ្រែងពី៖
– ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Bank): ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាល ARDB Bank តែងតែឈរនៅពីក្រោយ និងផ្តល់ការគាំទ្រយ៉ាងសកម្ម ទាំងលើផ្នែកឥណទាន យុទ្ធសាស្ត្រ ការប្រឹក្សាពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម និងការជំរុញសហគ្រាសកែច្នៃកសិផលក្នុងស្រុក ឱ្យមានលទ្ធភាពពង្រីកសក្តានុពលផលិតកម្មស្របតាមស្តង់ដារតម្រូវសម្រាប់ទីផ្សារអន្តរជាតិ។
– សមាគមបណ្តាញកសិករតេជោ: ដើរតួជាស្ពានចម្លង ក្នុងការកៀងគរ ការចងក្រងបណ្តាញ និងការលើកកម្ពស់ជីវភាពសហគមន៍កសិករដាំកាហ្វេ ដោយធានាបាននូវការអនុវត្តបច្ចេកទេសកសិកម្មច្បាស់លាស់ និងការប្រមូលផលប្រកបដោយចីរភាព។
ជាមួយគ្នានេះ, គិរីកាហ្វេ តែងតែចាត់ទុក «កសិករ» គឺជាបេះដូងនៃខ្សែច្រវាក់ផលិតកម្ម។ ក្រុមហ៊ុនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រមូលទិញគ្រាប់កាហ្វេពីកសិករក្នុងស្រុក ជាពិសេសបងប្អូនកសិករនៅតំបន់ខ្ពង់រាបខេត្តមណ្ឌលគិរី ក្នុងតម្លៃទីផ្សារសមរម្យ និងមានស្ថិរភាព។ យន្តការនេះបានជួយការពារកសិករពីការប្រែប្រួលតម្លៃ និងការកេងចំណេញពីឈ្មួញកណ្តាល ព្រមទាំងផ្តល់លទ្ធភាពឱ្យពួកគាត់អាចពង្រឹងគុណភាពគ្រាប់កាហ្វេ ថែរក្សាគុណភាពដី និងអភិវឌ្ឍសហគមន៍កសិកម្មឱ្យមានការរីកចម្រើនប្រកបដោយបរិយាបន្ន។ រាល់ការគាំទ្រផលិតផលគិរីកាហ្វេ គឺជាការចូលរួមចំណែកផ្ទាល់ដល់ការលើកកម្ពស់ជីវភាពគ្រួសារកសិករខ្មែរ និងការលើកស្ទួយតម្លៃកសិផលជាតិ។
ការចូលរួមក្នុងពិព័រណ៍ SIAL Paris 2026 គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ គិរីកាហ្វេ លើបេសកកម្មចម្បងពីរ៖
1. លើកកម្ពស់កិត្តិនាមលើឆាកអន្តរជាតិ: ផ្សព្វផ្សាយរសជាតិ និងអត្តសញ្ញាណដ៏ប្លែកនៃកាហ្វេខ្មែរ (Fine Robusta & Specialties) ទៅកាន់ទីផ្សារពិភពលោក និងទាក់ទាញឱកាសនាំចេញនាពេលអនាគត។
2. អភិវឌ្ឍ និងពង្រឹងទីផ្សារក្នុងស្រុក: បន្តកែលម្អគុណភាពកែច្នៃ រសជាតិ និងស្តង់ដារវេចខ្ចប់ ឱ្យកាន់តែទំនើប សក្តិសមជាជម្រើសកាហ្វេលំដាប់ខ្ពស់ ដែលប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាពក្នុងការប្រើប្រាស់ផលិតផលជាតិ។
គិរីកាហ្វេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ ARDB , សមាគមបណ្តាញកសិករតេជោ, អាជ្ញាធរពាក់ព័ន្ធ, សហគមន៍កសិករខេត្តមណ្ឌលគិរី និងអតិថិជនទាំងអស់ ដែលតែងតែផ្តល់ជំនឿទុកចិត្ត និងគាំទ្រដំណើរការរបស់ក្រុមហ៊ុនតាំងពីជំហានដំបូង។ យើងខ្ញុំប្តេជ្ញានឹងបន្តខិតខំប្រឹងប្រែងដើម្បីឱ្យ «កាហ្វេខ្មែរ» ក្លាយជាមោទនភាពជាតិដ៏ត្រចះត្រចង់នៅលើផែនទីកាហ្វេពិភពលោក៕


