គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៦ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, អគ្គព្រះរាជអាជ្ញារងនៃហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, អតីតប្រធានគណៈមេធាវីកម្ពុជា គ្រប់អាណត្តិ រួមទាំងបេក្ខជន និងសមាជិក សមាជិកាគណៈមេធាវីផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ននេះ មេធាវីមានសិទ្ធិបោះឆ្នោត មានចំនួន ៣,១៨២រូប ខណៈនៅមេធាវី ដែលមានសិទ្ធិបោះឆ្នោតបានអញ្ជើញចូលរួមបោះឆ្នោតចំនួន ១,៩៧២រូប។
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានថ្លែងថា ក្នុងការដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវី ដោយបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញការងារ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ និងដើម្បីលើកកម្ពស់ឧត្តមភាព កិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ជាពិសេសធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
លោកមេធាវី សាំង វណ្ណៈ បានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំ នៃអាណត្តិដឹកនាំរបស់លោកបានដោះស្រាយបញ្ហាប្រឈម និងសំណូមពរយ៉ាងច្រើន និងបានអនុវត្តគោលនយោបាយ ៩ចំណុច សម្រេចបានលទ្ធផលផ្លែផ្កាជាអាទិ៍៖ បានចូលរួមសហការជាមួយ រាជរដ្ឋាភិបាល និងស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗ បានកសាងសាលវិបុលភាព (សាលពហុបំណង) ដើម្បីបណ្តុះបណ្តាលជំនាញ សាលប្រជុំ និងកន្លែងបដិសណ្ឋារកិច្ច បានទំនើបកម្មវេបសាយ និងអែប (App) របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ការបណ្តុះបណ្តាលជំនាញជំនួយការមេធាវី ការប្រឡងប្រជែងសិស្សមេធាវីជំនាន់២០ ដោយសមត្ថភាព «ចេះជាងគេ គឺជាប់» ទទួលបានការរៀបចំធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំសមាគមន៍អ្នកច្បាប់អាស៊ានកម្ពុជា (ALA) ឆ្នាំ២០២៨ ដែលមានការគាំទ្រឯកភាពពីប្រមុខរាជរដ្ឋាភិបាល ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន ៤០០លានរៀល នាពេលថ្មីៗនេះ បន្ថែមលើថវិកាអនុវត្តស្រាប់ ២៦០០លានរៀល ក្នុងកិច្ចការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះ តាមរយៈក្រសួងយុត្តិធម៌ជាសេនាធិការ និងបានចូលរួមរៀបចំវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជាមួយក្រសួងយុត្តិធម៌ រហូតទទួលបានផ្លែផ្កាជាមរតកប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ផងដែរថា សម្រាប់អាណត្តិទី១៦ លោកមេធាវី សាំង វណ្ណៈ បានបន្តឈរឈ្មោះជាបេក្ខភាពប្រធានគណៈមេធាវី ដែលមានលេខរៀងទី១ នៃសន្លឹកឆ្នោតបានដាក់ចេញនូវគោលនយោបាយដឹកនាំចំនួន ១៦ចំណុច ក្រោមមូលបទ រួមគ្នាដើម្បី «វិបុលភាពន វិជ្ជាជីវៈមេធាវី» ផងដែរ ៕


