ការប៉ះទង្គិចគ្នារវាងនិស្សិត-សាស្រ្តាចារ្យពីសាកលវិទ្យាល័យនានាជាមួយប៉ូលីសនៅប្រទេសអាហ្សង់ទីនធ្វើឡើង ដើម្បីទាមទារឱ្យលោកប្រធានាធិបតីអនុវត្តច្បាប់ផ្តល់មូលនិធិថ្នាក់ឧត្តមសិក្សា
កាលពីថ្ងៃព្រហស្បតិ៍នេះមានសិស្ស-និស្សិត សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យសាធារណៈក្នុងប្រទេសអាហ្សង់ទីន បានដើរក្បួននៅក្នុងទីក្រុង Buenos Aires (ប៊ុយណូស៊ែរ) និងទីក្រុងផ្សេងៗទៀតដើម្បីទាមទារឱ្យលោកប្រធានាធិបតី Javier Milei របស់ពួកគេអនុវត្តច្បាប់មួយដែលធានាដល់ការផ្តល់មូលនិធិពីរដ្ឋ សម្រាប់ដំឡើងប្រាក់បៀវត្សរ៍បុគ្គលិកសាកលវិទ្យាល័យ និងទ្រទ្រង់ស្ថាប័នថ្នាក់ឧត្តមសិក្សា។ ការតវ៉ានេះ គឺជាការជួបជុំគ្នាទ្រង់ទ្រាយធំលើកទី ៥ហើយ ដើម្បីការពារវិស័យអប់រំសាធារណៈ បានឈានដល់ចំណុចក្តៅនៅខាងមុខអគារសភាក្នុងទីក្រុង Buenos Aires ជាកន្លែងដែលមានការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខសហព័ន្ធ។ ហេតុការណ៍នេះបានរំខានដល់ការធ្វើសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលពួកគេស្ទើរតែដកដង្ហើមមិនរួចដោយសារផ្សែងឧស្ម័នបង្ហូរទឹកភ្នែក។ ដំបូងឡើយការតវ៉ានេះមានលក្ខណៈសន្តិវិធីប៉ុណ្ណោះ រហូតដល់ពេលដែលមានក្រុមអ្នកតវ៉ាពាក់ម៉ាស់មួយក្រុម បានចាប់ផ្តើមគប់ដុំថ្មទៅលើប៉ូលិសដែលកំពុងយាមការពារអគារសភា។ ជាហេតុធ្វើឱ្យកងកម្លាំងសហព័ន្ធ ត្រូវតែឆ្លើយតបដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងរថយន្តបាញ់ទឹកទៅវិញដែរ ដើម្បីបំបែកក្រុមអ្នកតវ៉ាទាំងនោះ។ អ្នកតវ៉ាប្រហែលជា២០នាក់ត្រូវបានគេចាប់ខ្លួន ហើយអាជ្ញាធរបានរាយការណ៍ថា មានមន្ត្រីប៉ូលិសចំនួន៨នាក់ក៏បានរងរបួសដែរ។ ក្រុមប្រឹក្សាសាកលវិទ្យាល័យជាតិ ឬ National Interuniversity Council និងសាកលវិទ្យាល័យ Buenos Aires បានលើកឡើងថា ប្រព័ន្ធសិក្សារបស់សាកលវិទ្យាល័យបានបាត់បង់ធនធានជាង ៤០% ចាប់តាំងពីឆ្នាំ ២០២៣ មក ដែលប៉ះពាល់ដល់កម្លាំងជួលបុគ្គលិក ការផ្តល់អាហារូបករណ៍ដល់និស្សិត ការស្រាវជ្រាវលើផ្នែកវិទ្យាសាស្ត្រ និងមន្ទីរពេទ្យសាកលវិទ្យាល័យ។ ក្រុមប្រឹក្សានេះបានព្រមានទៀតថា៖ សាកលវិទ្យាល័យនានាអាចនឹងមិនអាចបន្តដំណើរការបានទេនៅឆ្នាំក្រោយនេះ ខណៈដែលរដ្ឋាភិបាលអះអាងថា ការអនុវត្តច្បាប់នឹងអាចធ្វើឱ្យប៉ះពាល់ដល់តុល្យភាពហិរញ្ញវត្ថុរបស់រដ្ឋបាន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



