សម្ព័ន្ធភាពអារ៉ាប៊ីសាអូឌីតបានអំពាវនាវឱ្យកងកម្លាំង Houthi បញ្ឈប់វាយប្រហារជាបន្ទាន់លើទីតាំងជនស៊ីវិលមានព្រលានយន្តហោះ-កំពង់ផែ បន្ទាប់ពីមានមនុស្សស្លាប់១៩នាក់ និង៣៦៤នាក់រងរបួស

ក្រុមសម្ព័ន្ធភាពដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដោយគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍នេះ សូមឱ្យកងកម្លាំងក្រុមឧទ្ទាម Houthi បញ្ឈប់ជាបន្ទាន់នូវរាល់ការវាយប្រហារនានាលើទីតាំងស៊ីវិល រួមមានព្រលានយន្តហោះ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធធនធានប្រេង។ លោកឧត្តមសេនីយ៍ទោ Turki al-Maliki អ្នកនាំពាក្យនៃសម្ព័ន្ធភាពនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយពីទីក្រុងរីយ៉ាដ (Riyadh) ថា៖ ក្រុម Houthi ត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពភេរវកម្មដែលកំណត់គោលដៅលើជនស៊ីវិល និងទីតាំងសាធារណៈនានា រួមមានទាំងព្រលានយន្តហោះ កំពង់ផែ ទីតាំងស្តុកប្រេង និងហេដ្ឋារចនាសម្ព័ន្ធនានាជាដាច់ខាត។ លោក Al-Maliki បានបង្ហាញរូបភាពពីកាមេរ៉ាសុវត្ថិភាពឃ្លាំមើល ដែលបង្ហាញពីការវាយប្រហាររបស់ពួកគេមកលើព្រលានយន្តហោះនៅទីក្រុង Abha, Najran និង Jazan ខណៈដែលមន្ត្រីអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា៖ ការវាយប្រហារថ្មីៗនេះគឺបានកើតឡើងលើព្រលានយន្តហោះនានាទូទាំងព្រះរាជាណាចក្រអារ៉ាប់ បានសម្លាប់មនុស្ស១៩នាក់ និងធ្វើឱ្យមនុស្ស ៣៦៤ នាក់ផ្សេងទៀតរងរបួស។ លោកបានបញ្ជាក់បន្ថែមថា សម្ព័ន្ធភាពនេះបានព្យាយាមកំណត់គោលដៅលើសមត្ថភាពយោធារបស់ក្រុម Houthi រួចហើយដោយខិតខំកាត់បន្ថយឱ្យបានតិចបំផុតនូវគ្រោះថ្នាក់ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសយេម៉ែនផ្ទាល់តែម្តង

សម្រួលអត្ថបទ៖ សុផារិន្ទ