អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានជូនដល់បុគ្គលិកសំអាតអនាម័យ និងដាំដើមឈើចំនួន ១៤៩នាក់ ក្នុងក្រុងព្រះសីហនុ
ព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះ សំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់បុគ្គលិកសំអាតអនាម័យតាមដងផ្លូវ តាមឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម ក្រុមកាត់ស្មៅថែសួនច្បារ របស់មន្ទីសាធារណការ និងក្រុម ការងារថែទាំដើមឈើរបស់មន្ទីកសិកម្មសរុបចំនួន ១៤៩នាក់ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដលើបងប្អូនទាំងអស់ដែលបានយកចិត្តទុកដាក់ចូលរួមបំពេញការងារក្នុងការសំអាតអនាម័យ បរិស្ថាននៅតាមតំបន់ឆ្នេរ និងតាមដងផ្លូវក្នុងក្រុងរបស់យើង ការងារដែលបងប្អូនបានធ្វើ ទោះបីមិនទាន់បាន ១០០ភាគរយ ក៏ដោយ គឺជាការលះបង់កម្លាំងកាយ ចិត្តធ្វើយ៉ាងណាឱ្យក្រុង របស់យើងមានអនាម័យ បរិស្ថានល្អ ព្រោះការងារនេះមានការរួមបញ្ចូល បងប្អូនជាអ្នកកាត់ស្មៅ ដាំដើមឈរ និងការសំអាតនៅតាមបណ្តោយឆ្នេរ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលតម្រូវឱ្យយើងទាំងអស់គ្នាចូលរួមថែរក្សាអនាម័យ បរិស្ថាន និងភាពបៃតង។
ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរចំពោះការទទួលខុសត្រូវរបស់បងប្អូនយើងទាំងអស់គ្នា ព្រមទាំងបាននាំយកការផ្តាំផ្ញើសួសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ដែលពេលថ្មីនេះ សម្តេចបានកោតសរសើរវាយ តម្លៃចំពោះភាពស្រស់ស្អាត របស់ខេត្តព្រះសីហនុ មានដូចជាតាមតំបន់ឆ្នេរ តាមដងផ្លូវ ជាពិសេសការដាំដើមឈើនៅតាមដងផ្លូវនានាក្នុងក្រុង ឲ្យមានពណ៌បៃតង ដែលជាសកម្មភាពដ៏មានអត្ថន័យខ្លាំងណាស់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ថែរក្សាសោភ័ណភាព និងបរិស្ថានទីក្រុងរបស់យើង។
សូមជម្រាបថា អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនបងប្អូន ១៤៩នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ២០០,០០០រៀល ៕


