កិច្ចប្រឡងប្រជែងផ្ទេរគ្រូបង្រៀនក្របខ័ណ្ឌ ជំហានដោះស្រាយកង្វះខាតគ្រូបង្រៀននៅរាជធានីភ្នំពេញ
នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល បេក្ខជនជាលោកគ្រូ អ្នកគ្រូ សរុបចំនួន ១,១៥១នាក់ មកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស បានធ្វើដំណើរមកដល់ជាបន្តបន្ទាប់ ដើម្បីចូលរួមក្នុងដំណើរការប្រឡងប្រជែងផ្ទៃក្នុង។
ពិធីបើកវិញ្ញាសារដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។ បេក្ខជនម្នាក់ៗមិនត្រឹមតែបង្ហាញពីភាពរីករាយ និងក្តីសង្ឃឹមខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ផងដែរ។
ការពង្រីកវិសាលភាពនៃការប្រឡងប្រជែងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង បន្ទាប់ពីការកិច្ចការជម្រឿនមន្ត្រីរាជការ និងបុគ្គលិកអប់រំនៅរាជធានីភ្នំពេញបានបញ្ចប់។
លោក មាស ពេជ្រ អគ្គនាយករង នៃនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ និងជាប្រធានអនុគណកម្មការអនុរក្ស បានគូសបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ថា ក្រោយពីការពិនិត្យឡើងវិញបានរកឃើញថា រាជធានីភ្នំពេញមានតម្រូវការគ្រូបង្រៀនកម្រិតបឋមសិក្សាមត្តេយ្យ អនុវិទ្យាល័យ និងវិទ្យាល័យបន្ថែមទៀត។
ដើម្បីលុបបំបាត់រាល់មន្ទិលសង្ស័យ និងធានាបាននូវតម្លាភាព ភាពយុត្តិធម៌ និងភាពសុចរិតក្នុងការផ្ទេរមន្ត្រីមកបំពេញការងារ គណៈកម្មការបានរៀបចំការប្រឡងនេះដោយផ្តោតលើ «គ្រូបំពេញសហភាវវិជ្ជជីវៈរបស់គ្រូ» ដែលរួមមាន ៤ មុខវិជ្ជាសំខាន់ៗ។ លោកអគ្គនាយករងបានពន្យល់បន្ថែមថា មូលហេតុដែលការប្រឡងនេះមិនតម្រូវឱ្យប្រឡងមុខវិជ្ជាឯកទេស គឺដោយសារតែលោកគ្រូ អ្នកគ្រូទាំងអស់ជាមន្ត្រីដែលមានក្របខ័ណ្ឌ និងបានឆ្លងកាត់ការប្រឡងមុខវិជ្ជាឯកទេសរួចរាល់អស់ហើយ មុនពេលទទួលបានក្របខ័ណ្ឌរដ្ឋ។ ដូច្នេះការប្រឡងលើកនេះ គឺផ្តោតសំខាន់ទៅលើវិជ្ជាជីវៈបង្រៀនផ្ទាល់តែម្តង។
សម្រាប់ដំណើរការប្រឡងប្រជែងលើកទីនេះ មានបេក្ខជនដាក់ពាក្យប្រឡងប្រហែលជាង ១,០០០នាក់ ក្នុងការដណ្តើមយកកូតាផ្ទេរមកបំពេញការងារដែលមានចំនួនប្រហែលជាង ៨០០នាក់។ ចំពោះសំណួរថាតើនឹងមានការប្រឡងជ្រើសរើសបន្ថែមទៀត ឬយ៉ាងណា ប្រសិនបើការប្រឡងលើកនេះមិនអាចបំពេញតាមតម្រូវការ ឬមានការខ្វះខាតបន្ថែម លោក មាស ពេជ្រ បានបញ្ជាក់ថា គឺអាស្រ័យលើការសម្រេច និងស្ថានភាពជាក់ស្តែងរបស់គណៈកម្មការបន្តទៀត។
ដំណើរការប្រឡងប្រជែងនេះ គឺជា «ជំហានគន្លឹះ» ដ៏មានប្រសិទ្ធភាពក្នុងការរៀបចំធនធានមនុស្សក្នុងវិស័យអប់រំ ឱ្យកាន់តែឆ្លើយតបចំតម្រូវការ និងធានាបាននូវការបែងចែកបុគ្គលិកអប់រំដោយតម្លាភាព សុចរិតភាព និងភាពយុត្តិធម៌បំផុត នៅទូទាំងរាជធានីភ្នំពេញ។


