មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ប្រកាសពីគម្រោងសាងសង់ «អគារថែទាំព្យាបាល» ថ្មី កម្ពស់ ១៥ ជាន់ មានជាង ២០០ គ្រែ ដើម្បីពង្រីកសមត្ថភាពបម្រើសេវាថែទាំព្យាបាលជូនមាតា និងទារក ។ 

រាជធានីភ្នំពេញ, ថ្ងៃទី១៣ខែតុលា ឆ្នាំ ២០២៦ — មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក (NMCHC) បានប្រកាសជាផ្លូវការអំពីគម្រោងសាងសង់ «អគារថែទាំព្យាបាល» ដែលជាទំនើបកម្មថ្មី កម្ពស់ ១៥ ជាន់ និងមានបំពាក់គ្រែសម្រាកព្យាបាលសរុបជាង២០០គ្រែ។ ដោយមានការ​​គាំទ្រ​ពីក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ​ជាតិដ៏សំខាន់មួយក្នុងការបង្កើនសមត្ថភាពបម្រើសេវាថែទាំ និងព្យាបាលប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គុណភាពសេវាសុខាភិបាល អគារកម្ពស់ ១៥ ជាន់នេះ ត្រូវបានរៀបចំ និងបំពាក់ដោយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ បន្ទប់វះកាត់ប្រកបដោយស្តង់ដា ដែលមានផ្នែកថែទាំទារក (NCU & NICU) ផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកជំងឺទូទៅ និងវះកាត់ ផ្នែកមន្ទីរពិសោធន៍ សាលប្រជុំ និងបណ្តុះបណ្តាល
លើសពីនេះ អគារថ្មីនេះក៏បានបំពាក់នូវ ប្រព័ន្ធជណ្តើរយន្តទំនើប ប្រព័ន្ធឧស្ម័ពេទ្យ បន្ទប់សម្រាកព្យាបាល (Inpatient Wards / VIP Rooms) និង បន្ទប់ប្រចាំការរបស់គ្រូពេទ្យ ដើម្បីធានាបាននូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុតអ្នកជំងឺ និងក្រុមគ្រួសារ។
«ការបង្កើតអគារថែទាំព្យាបាលកម្ពស់ ១៥ ជាន់ ដែលមាន ២០០ គ្រែនេះ គឺជាសមិទ្ធផលថ្មីមួយទៀត និងជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃសេវាថែទាំសុខភាពមាតានិងទារកនៅមជ្ឈមណ្ឌល។ យើងខ្ញុំជឿជាក់ថា អគារថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពមាតានិងទារក ព្រមទាំងផ្តល់នូវបរិស្ថានព្យាបាលដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់»។
តាមការគ្រោងទុក គម្រោងសាងសង់អគារថែទាំព្យាបាលថ្មីនេះ នឹងត្រូវបដិសន្ធិឡើង និងសាងសង់បញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០២៨ ។
ពិធីក្រុងពាលីសាងសង់អគារថ្មីនៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នាព្រឹកថ្ងៃទី១៤ ខែតុលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួល ពង្រឹង គុណភាព ថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ និងរោគស្រ្តី និងលោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ហើយនិង ឯកឧត្តម លោកជំទាវ លោក វេជ្ជបណ្ឌិត លោកគ្រូពេទ្យ ព្រមទាំងមន្ត្រីរាជការមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកផងដែរ៕