ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៦ និងសន្និសីទអាស៊ានស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ព្រមទាំងការត្រៀមរៀបចំសន្និសីទពហុភាគីពាក់ព័ន្ធរបស់អាស៊ាន ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងព័ត៌មានសំយោគក្នុងសម័យឌីជីថល។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងជំរុញការត្រៀមរៀបចំកម្មវិធីសំខាន់ៗទាំងពីរឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ដោយធានាថាការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំអាចឆ្លុះបញ្ចាំងពីសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងបទពិសោធន៍ការងារកន្លងមក ព្រមទាំងកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់ឆ្នាំ២០២៧ ស្របតាមតម្រូវការអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ទន្ទឹមនឹងនេះ ការត្រៀមរៀបចំសន្និសីទពហុភាគីពាក់ព័ន្ធរបស់អាស៊ាន ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងព័ត៌មានសំយោគក្នុងសម័យឌីជីថល ក៏ជាកិច្ចការសំខាន់មួយក្នុងការជំរុញកិច្ចសន្ទនា ការចែករំលែកបទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗដែលកើតចេញពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងការផ្សព្វផ្សាយព័ត៌មានក្នុងបរិបទបច្ចុប្បន្ន។
កិច្ចប្រជុំនាឱកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើនរូបទៀត៕


