ខេត្តព្រះសីហនុ រៀបចំវគ្គផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់ភាគីពាក់ព័ន្ធ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ពិធីបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្ដីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ត្រូវបានរៀបចំឡើង នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ ប៊ុនហុង អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងក្រុង-ស្រុក តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរឃុំ-សង្កាត់ ព្រមទាំងតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាច្រើនរូបក្នុងខេត្តព្រះសីហនុ។
លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានធ្វើសេចក្តីរាយការណ៍ពីស្ថានភាពទូទៅពីមូលដ្ឋានក្រុងព្រះសីហនុ ជូនគណ:អធិបតី និងអង្គពិធីបានជ្រាប។ លោកស្រី បានបញ្ជាក់ថា ការបោះឆ្នោត គឺជាសសរសម្រាប់ទ្រទ្រង់យ៉ាងសំខាន់ នៃលទ្ធិប្រជាធិបតេយ្យ និងជាឧបករណ៍ដ៏មានអំណាចបំផុតរបស់ប្រជាពលរដ្ឋក្នុងចូលរួមជ្រើសរើសថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ប្រទេសជាតិ នៅប្រទេសកម្ពុជាយើងស្រប តាមរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធស្មើៗគ្នាក្នុងការចូលរួមសម្រេចជោគវាសនារបស់ប្រទេសជាតិ តាមការបោះឆ្នោតដោយ សេរី ត្រឹមត្តូវ និងយុត្តធម៌។
សម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ខាងមុខ ក្នុងដំណាក់កាលនេះ គឺជាការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានរយ: ពេល ៥៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ៧ ខែតុលា ដលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់ ខេត្តព្រះសីហនុ ប្រជាពលរដ្ឋមានក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ៥៥,៨៧១ នាក់គិតត្រឹមថ្ងៃទី១៣ ខែតុលា ២០២៦ ។
ឯកឧត្តម ស៊ុ ប៊ុនហុង អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ ពត៌មាន និងទំនាកលទំនងសាធារណ:( អព ទស ) បានគូសបញ្ជាក់ថា ការបោះឆ្នោតគឺជាបេះដូងនៃប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាជូនប្រជាពលរដ្ឋនូវសិទ្ធិអំណាចពេញលេញក្នុងការជ្រើសរើសថ្នាក់ដឹកនាំ។ ឯកឧត្តមបានបន្តថា វគ្គអប់រំនេះរៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងផ្នែកច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាបាននូវបរិយាកាសនយោបាយល្អប្រសើរ ភាពស្មើគ្នា និងតម្លាភាព។ ឯកឧត្តម បានស្នើឱ្យតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអាជ្ញាធរដែនដីទាំងអស់ រួមគ្នាកសាងវប្បធម៌ប្រជាធិបតេយ្យដោយផ្អែកលើការគោរពច្បាប់ និងត្រូវយកចំណេះដឹងទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅធ្វើការផ្សព្វផ្សាយបន្តដល់សមាជិក និងប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ឱ្យចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោត។
វគ្គអប់រំផ្សព្វផ្សាយនេះក៏មានការធ្វើបទបង្ហាញ ពីគ្រូឧទ្ទេសដោយ លោក ហុង សេរីបញ្ញាលាភ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត ស្តីពីប្រវត្ត និងដំណើរ ការបោះឆ្នោតនៅកម្ពុជា និងលោកគ្រូឧទ្ទេស តេង វណ្ណឌី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្និតខេត្តព្រះសីហនុ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ។
វគ្គអប់រំផ្សព្វផ្សាយនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយ ស្និតស្នាល និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់ ដោយអ្នកចូលរួមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីតួនាទី និងភារកិច្ចរៀងៗខ្លួនក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រូបភាព/ អត្ថបទ៖ ផូង ថៃ


