បុគ្គលិកសុខាភិបាលនៅទីក្រុងម៉ិកស៊ិក ចេញមកធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន និងស្នើសុំលក្ខខណ្ឌការងារល្អប្រសើរជាងមុននៅតាមមន្ទីរពេទ្យ និង គ្លីនិក
បុគ្គលិកក្នុងប្រព័ន្ធថែទាំសុខភាពសាធារណៈរបស់ប្រទេសម៉ិកស៊ិករាប់រយនាក់ បានចេញមកធ្វើបាតុកម្មដើរតាមដងផ្លូវក្នុងរដ្ឋធានីកាលពីថ្ងៃអង្គារនេះ ដើម្បីទាមទារតម្លៃប្រាក់ឈ្នួលខ្ពស់ជាងមុន ទាមទារលក្ខខណ្ឌការងារល្អប្រសើរ និងស្នើបន្ថែមបុគ្គលិកច្រើនជាងមុន ព្រមទាំងទាមទារសម្ភារៈវេជ្ជសាស្ត្របន្ថែមនៅតាមមន្ទីរពេទ្យនានាផងដែរ។ ការតវ៉ារបស់បុគ្គលិកពេទ្យ និងអ្នកចូលនិវត្តន៍នៃវិទ្យាស្ថានសន្តិសុខសង្គមម៉ិកស៊ិក ហៅកាត់ថា (IMSS) នេះ ក៏បានទាមទារឱ្យលោក Rafael Olivos Hernández ដែលជាប្រធានសហជីពលាលែងពីតំណែងដែរ ដោយក្រុមអ្នកតវ៉ាបានចោទប្រកាន់លោកថា៖ មិនបានការពារផលប្រយោជន៍របស់ពួកគេឡើយ។ អ្នកតវ៉ាមួយចំនួនបានទាមទារឱ្យមានការស្តារប្រព័ន្ធសោធននិវត្តន៍ចាស់ឡើងវិញ និងលុបចោលគណនីសន្សំប្រាក់ចូលនិវត្តន៍ផ្ទាល់ខ្លួន។ ការដើរហែក្បួននេះបានធ្វើឡើងមួយថ្ងៃមុនពេលមានការបោះឆ្នោតរបស់សហជីពលើសំណើដំឡើងប្រាក់ឈ្នួលចំនួន ៦,៨%។ កញ្ចប់សំណើនេះរួមមានការដំឡើងប្រាក់ឈ្នួលជាមូលដ្ឋានចំនួន ២,៩% និងការដំឡើងប្រាក់ឧបត្ថម្ភសម្រាប់លំនៅដ្ឋានចំនួន ៣,៩%។ បុគ្គលិកពេទ្យដែលមិនពេញចិត្តចំពោះសំណើនេះលើកឡើងថា ការដំឡើងប្រាក់ឈ្នួលដោយផ្ទាល់បែបនេះគឺមិនគ្រប់គ្រាន់នោះទេ។ សកម្មភាពតវ៉ានេះគឺជាផ្នែកមួយនៃរលកបាតុកម្មដែលបានចាប់ផ្តើមនៅថ្ងៃទី ៨ ខែតុលា ហើយបានរីករាលដាលទៅកាន់រដ្ឋជាច្រើនទៀតរបស់ប្រទេសម៉ិកស៊ិក រួមមានរដ្ឋ Campeche, Oaxaca និង Querétaro។ បុគ្គលិកក៏តវ៉ាដោយអង្គុយប្រមូលផ្តុំគ្នា និងបិទផ្លូវចរាចរណ៍នៅក្បែរទីស្នាក់ការកណ្តាលរបស់វិទ្យាស្ថាននៅលើមហាវិថី Paseo de la Reforma ថែមទៀតផង។ ជម្លោះនេះបានឆ្លុះបញ្ចាំងពីកង្វល់ទ្រងើទ្រាយធំអំពីកង្វះខាតបុគ្គលិក ការផ្គត់ផ្គង់ថ្នាំពេទ្យ និងលក្ខខណ្ឌការងារនៅតាមគ្លីនិក និងមន្ទីរពេទ្យដែលបម្រើសេវាសុខាភិបាលជូនប្រជាជនរាប់លាននាក់។ បុគ្គលិកពេទ្យបានលើកឡើងថា កង្វះខាតទាំងនេះគឺវាបានធ្វើឱ្យការផ្តល់សេវាថែទាំសុខភាពមិនទាន់ពេលវេលានិង កាន់តែលំបាកទៅៗ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


