បំណែកមីស៊ីលផ្លោងរបស់ក្រុម Houthi ចំនួន២គ្រាប់ដែលអារ៉ាប៊ីសាអូឌីតស្ទាក់ចាប់បានលើអាកាស បណ្តាលឱ្យមនុស្ស ៤ នាក់រងរបួស និង ខូចខាតអគារលំនៅដ្ឋាន

អាជ្ញាធរការពារស៊ីវិលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា បំណែកនៃមីស៊ីលផ្លោងរបស់ក្រុម Houthi ចំនួន២គ្រាប់ ដែលត្រូវស្ទាក់ចាប់បាននោះ គឺបានធ្លាក់មកលើតំបន់លំនៅដ្ឋានក្នុងទីក្រុងរីយ៉ាដ ដែលបណ្តាលឱ្យមនុស្ស៤នាក់រងរបួស និងបង្កការខូចខាតដល់ផ្ទះសម្បែងមួយចំនួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរការពារស៊ីវិលអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា៖ បំណែកដែលធ្លាក់ចុះមកនោះបានធ្វើឱ្យស្ត្រី២នាក់ បុរសម្នាក់ និងកុមារម្នាក់រងរបួស ព្រមទាំងបង្កការខូចខាតផ្នែកសម្ភារៈក្នុងកម្រិតធ្ងន់ធ្ងរដល់អគារលំនៅដ្ឋានចំនួន១៥ខ្នងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ដដែលនោះបានឲ្យដឹងទៀតថា៖ មីស៊ីលទាំងនេះត្រូវបាញ់ចេញដោយក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន ដែលគាំទ្រពីប្រទេសអ៊ីរ៉ង់ មុនពេលដែលពួកវាត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោលនៅពីលើផ្ទៃអាកាសទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត៕

សម្រួលអត្ថបទ៖ សុផារិន្ទ