កងទ័ពអាមេរិកបង្ហាញពីភាពស្ងប់ស្ងាត់នៅតំបន់ទន្លេព្រំដែនម៉ិកស៊ិក បន្ទាប់ពីបានបង្កើនចំនួនទាហានបន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ដ៏មមាញឹក

ស្របពេលស្ថិតនៅលើច្រាំងទន្លេ Rio Grande ដ៏ខ្ពស់មួយ លោកវរសេនីយ៍ទោ Ray Richards នៃកងទ័ពអាមេរិក បានចង្អុលបង្ហាញទៅកាន់ផ្នែកមួយនៃទន្លេដែលថ្មីៗនេះ គឺធ្លាប់ជាចំណុចដ៏មមាញឹកបំផុតសម្រាប់ដំណើរឆ្លងដែនខុសច្បាប់ពីប្រទេសម៉ិកស៊ិកមក។ ប៉ុន្តែនៅរសៀលថ្ងៃមួយ តំបន់នោះហាក់ដូចជាមានសភាពស្ងប់ស្ងាត់ទៅវិញ។ ទាហានអាមេរិកបានប្រមូលផ្តុំគ្នានៅប៉ុស្តិ៍ឃ្លាំមើលព្រំដែនក្នុងទីក្រុង Roma រដ្ឋ Texas ជាកន្លែងដែលមានរថយន្តដឹកទាហានថ្មើរជើងដោយមានគ្រងសំណាញ់បំបាំងខ្លួន បានចុះចតនៅចន្លោះផ្ទះរបស់ក្រុមអ្នកស្រុក។ ឧទ្ធម្ភាគចក្រប្រភេទ Black Hawk បានទម្លាក់ក្រុមទាហានចុះនៅលើកោះមួយនៃបរិវេណទន្លេនេះ ខណៈដែលភ្នាក់ងារល្បាតព្រំដែនអាមេរិកបើកបរទូកដែលមានស្លាបចាក់ ឬ (fan-propelled boats) ក្នុងល្បឿនយ៉ាងលឿនឆ្លងកាត់ទីនោះដែរ។ លោក Richards បាននិយាយអំពីស្ថានភាពក្នុងតំបន់នេះថា៖ មុនពេលកងកម្លាំងអាមេរិកចាត់ទុកវាជាអាទិភាពកាលពីឆ្នាំមុនគឺនៅពេលណាមួយក៏ដោយ តែងតែមានក្បូនជាច្រើនបានផ្ទុកមនុស្សពេញៗ ហើយព្យាយាមធ្វើដំណើរមកកាន់ត្រើយម្ខាងនេះ។ កងទ័ពបានអញ្ជើញអ្នកសារព័ត៌មានទៅកាន់តំបន់ Rio Grande Valley នេះ ខណៈដែលពួកគេកំពុងដាក់ពង្រាយទាហានរាប់រយនាក់បន្ថែមទៀតទៅកាន់តំបន់នោះ ដោយបានផ្លាស់ប្តូរទីតាំងទាហានពីកន្លែងផ្សេងទៀតតាមបណ្តោយព្រំដែនដែលមានប្រវែង ២,០០០ ម៉ាយល៍។ មន្ត្រីអាមេរិកបានលើកឡើងពីសកម្មភាពកើនឡើងនៃក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន (cartels) និងកិច្ចសហប្រតិបត្តិការធ្វើឱ្យប្រសើរឡើងវិញ ពីសំណាក់កងទ័ពម៉ិកស៊ិកដែរ។ ឆ្មាំសមុទ្រអាមេរិក (U.S. Coast Guard) ក៏បានឱ្យដឹងដែរថា៖ ថ្មីៗនេះខ្លួនបានប៉ះទង្គិចដោយការបាញ់ប្រហារគ្នាជាមួយមនុស្សនៅត្រើយម្ខាងនៃទន្លេដែលជាទឹកដីរបស់ម៉ិកស៊ិក។ នៅតំបន់តូចមួយនាចុងខាងត្បូងនៃសហរដ្ឋអាមេរិកមានរឿងរ៉ាវមួយចំនួនកំពុងដំណើរការទៅយ៉ាងយឺតយ៉ាវ ដែលជាការលាយឡំគ្នារវាងការអនុវត្តច្បាប់ លើគោលនយោបាយ និងនយោបាយ  ខណៈដែលគណបក្សសាធារណរដ្ឋកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនានា ដោយសារតែការធ្លាក់ចុះប្រជាប្រិយភាពរបស់លោកប្រធានាធិបតី Donald Trump និងតម្លៃទំនិញឡើងខ្ពស់ ផលប៉ះពាល់ពីជម្លោះជាមួយអ៊ីរ៉ង់ និងសុវត្ថិភាពព្រំដែននៅតែជាចំណុចវិជ្ជមានមួយនៅក្នុងលទ្ធផលស្ទាប់ស្ទង់មតិចំពោះរូបលោកដែរ។ ប្រជាជនអាមេរិកប្រហែលពាក់កណ្តាលបានយល់ស្របចំពោះការអនុវត្តការងាររបស់លោក Trump លើបញ្ហានេះ។ ប៉ុន្តែអ្នកជំនាញមួយចំនួនបានចោទសួរអំពីភាពចាំបាច់នៃការដាក់ពង្រាយកងទ័ពដ៏ច្រើនបែបនេះទៅវិញថា៖ តើវាគ្រាន់តែជារឿងនយោបាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬ ប្រជាប្រិយភាព (political theater) ជាជាងយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពឬក៏យ៉ាងណា?៕

សម្រួលអត្ថបទ៖ សុផារិន្ទ