ឯកឧត្តមបណ្ឌិត លី ធុជ៖ ចាប់ពីឆ្នាំ១៩៩៣ អាល្លឺម៉ង់បានគាំទ្រការបោសសម្អាតមីនលើផ្ទៃដីជាង ៥៨ គីឡូម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ក្នុងឱកាសដែលលោកជំទាវចាប់ផ្តើមបេសកកម្មការទូតថ្មី។ ជំនួបនេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ និងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូត និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣។ ឯកឧត្តមបានចាត់ទុកអាល្លឺម៉ង់ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយូរអង្វែង ដែលបានរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបង្កើនសុវត្ថិភាព និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣ ការគាំទ្ររបស់អាល្លឺម៉ង់បានរួមចំណែកដល់ការបោសសម្អាតផ្ទៃដីជាង ៥៨ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត ដោយបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣១.៧៨៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤២៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៧៣.៣៤៩ គ្រាប់ និងមានប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ ទទួលបានផលប្រយោជន៍។
បន្ថែមលើនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានគាំទ្រយ៉ាងសកម្ម ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា កាលពីឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ការគាំទ្ររបស់អាល្លឺម៉ង់មិនត្រឹមតែបានរួមចំណែកដល់សមិទ្ធផលជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីននៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកសាងអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា និងការរស់នៅប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋលើផ្ទៃដីដែលបានបោសសម្អាតរួច។ លោកជំទាវក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តមនុស្សធម៌របស់អាល្លឺម៉ង់ក្នុងការគាំទ្រវិស័យសកម្មភាពមីន និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដល់សហគមន៍ ដែលជាវិធានការដ៏សំខាន់ក្នុងការបង្ការគ្រោះថ្នាក់ និងការពារអាយុជីវិតប្រជាពលរដ្ឋ បន្ថែមលើការងារបោសសម្អាត។


