រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរមកកំសាន្តក្នុងខេត្តព្រះសីហនុ ប្រមាណជិត ២០មុឺននាក់ ក្រោមការយកចិត្តទុកដាក់លើសន្តិសុខសណ្ដាប់ធ្នាប់ពីអាជ្ញាធរ
គិតចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរមកកំសាន្ត តាមតំបន់រមណីយដ្ឋានធម្មជាតិ តំបន់កោះ និងតំបន់ឆ្នេរសមុទ្រនានា ប្រមាណជិត ២០មុឺននាក់។
ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ និងភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ ដោយដាក់គោលដៅចុះល្បាតតាម ពិនិត្យការអនុវត្តវិធានការសុវត្ថិភាពផ្ទាល់ ដូចជាការត្រួតពិនិត្យអាវពោងសង្គ្រោះនៅលើកប៉ាល់ និងទូកទេសចរណ៍ ចេញល្បាតចល័ត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ រៀបចំសណ្ដាប់ធ្នាប់ចតយានយន្ត និងការសម្របសម្រួលបរិយាកាសកម្សាន្តជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ជូនថែរថា សម្រាប់រដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបវំរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនយកប្រាក់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងត្រឡប់ ទៅរាជធានីភ្នំពេញវិញ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
អត្ថបទ៖ម៉ារ៉ាឌី


