ត្រឹមរយៈពេល ៩ ខែ កម្ពុជានាំចេញទំនិញទៅកាន់វៀតណាមបានជាង ៣ ពាន់លានដុល្លារ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបញ្ជាក់ឲ្យដឹងថា កម្ពុជាសម្រេចបានការនាំចេញទៅប្រទេសវៀតណាមជាង ៣ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៦ កើនឡើង ៨,២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករាដល់ខែកញ្ញា ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបាននូវទំហំទឹកប្រាក់ ៦,៥៨ ពាន់លានដុល្លារ កើនឡើង ៨,៧៤% ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមបាន ៣,១៨ ពាន់លានដុល្លារ កើន ៨,២៥% ចំណែកឯវៀតណាមនាំចូលមកវិញ មានតម្លៃ ៣,៤ ពាន់លានដុល្លារ កើន ៩,១៩%។

ផលិតផលសំខាន់ៗ របស់កម្ពុជា នាំចេញទៅប្រទេសវៀតណាម រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ ចំណែកឯវៀតណាមនាំចូលមកវិញ មានរួមមាន សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ។

នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ ៧,៧ ពាន់លានដុល្លារ ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ ២០២៤ ដែលមានទំហំ ៧,៨ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៧២ ពាន់លានដុល្លារ កើនឡើង ០,៨២% ចំណែកឯវៀតណាមនាំចូលមកវិញ មានតម្លៃ ៤ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៥៣%៕