កិច្ចប្រជុំត្រៀមលក្ខណៈយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់កិច្ចប្រជុំលើកទី៧៧ នៃគណៈកម្មាធិការតំបន់របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាលថ្ងៃទី៩ខែតុលា ឆ្នាំ២០២៦ បានទទួលជួបលោកស្រី Mariana Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងសហការី ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារត្រៀមសម្រាប់ការចូលរួមរបស់កម្ពុជា ក្នុងសម័យប្រជុំលើកទី៧៧ នៃគណៈកម្មាធិការតំបន់របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (The 77th Session of the WHO Regional Committee Meeting for the Western Pacific) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ជំនួបនេះផ្តោតលើការពិនិត្យខ្លឹមសារ និងការត្រៀមលក្ខណៈសម្រាប់ការពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ ការអនុវត្ត និងការរៀបចំថវិកាកម្មវិធីរបស់អង្គការសុខភាពពិភពលោក ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល ការគ្រប់គ្រងជំងឺលើសសម្ពាធឈាម ការជំរុញវឌ្ឍនភាពនៃការផ្តល់ថ្នាំបង្ការ ការត្រួតពិនិត្យថ្នាំជក់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ក្នុងការធានាលទ្ធភាពទទួលបានឱសថ និងបរិក្ខារវេជ្ជសាស្រ្ត។
កិច្ចពិភាក្សា បានផ្តោតលើកំណត់អាទិភាព និងការរៀបចំជំហររបស់កម្ពុជាចំពោះរបៀបវារៈពាក់ព័ន្ធ ដើម្បីធានាឱ្យការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំថ្នាក់តំបន់នេះ មានភាពសកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលទាំងក្នុងតំបន់ និងពិភពលោក។ ជំនួបនេះបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ និងជំរុញការអនុវត្តអាទិភាពសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។


