ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងយុវជនឆ្នើម ស.ស.យ.ក ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងយុវជនឆ្នើម នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  ។

នៅក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅនេះ ថ្នាក់ដឹកនាំភាគីទាំងពីរបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលត្រូវបានពូនជ្រំយ៉ាងរឹងមាំរហូតមក។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់យ៉ាងច្បាស់អំពី «តួនាទីដ៏សំខាន់ និងជាកម្លាំងចលករមិនអាចខ្វះបាននៃទំពាំងស្នងឫស្សី» គឺយុវជននៃប្រទេសទាំងពីរ ក្នុងការបន្តថែរក្សា ពង្រឹង និងពង្រីកចំណងមិត្តភាពនេះឱ្យកាន់តែស្អិតរមួត និងមានផ្លែផ្កាបន្ថែមទៀតសម្រាប់ជំនាន់ក្រោយៗ។

សកម្មភាពលេចធ្លោរបស់ ស.ស.យ.ក ក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការងារស្ម័គ្រចិត្ត ការអប់រំ បណ្តុះបណ្តាលសមត្ថភាពយុវជន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយុវជនក្នុងតំបន់ និងអន្តរជាតិ។

ជំនួបនាព្រឹកនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុតព្រមទាំងប្រកបដោយភាពជឿជាក់ និងស្មារតីសាមគ្គីភាព ដែលជួយបង្កើននូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងបន្តរីកចម្រើនយ៉ាងរឹងមាំ និងមានចីរភាព ដោយមានយុវជនជាស្ពានចងភ្ជាប់យ៉ាងជិតស្និទ្ធ៕