សម្តេចប្រធានរដ្ឋសភាគាំទ្រ លើកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលកម្ពុជា-វៀតណាម បានឯកភាពគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទំាងសងខាង ពិសេសជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ដល់ ២០ពាន់លានដុល្លារ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រពេញទំហឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនិងរឹងមាំនៃរដ្ឋាភិបាលកម្ពុជានិងវៀតណាម ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ ជាពិសេស អនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ៦ចំណុច ដែលទើបបានចុះហត្ថលេខាក្នុងថ្ងៃនេះ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល សន្តិសុខ អប់រំ ជាដើម ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានចំនួន ២០ពាន់លានដុល្លារអាមេរិក នាពេលដ៏ខ្លីខាងមុខនេះ។

សម្តេចប្រធានរដ្ឋសភា បានបង្ហាញការគាំទ្របែបនេះ ក្នុងឱកាសសម្តេចជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ក្នុងពេលឯកឧត្តមនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចនេះ ថាប្រកបដោយអត្ថន័យ និងបានឆ្លុះបញ្ចាំងពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកុងសង់ស៊ីសនយោបាយ ដែលថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរបានដាក់ចេញ ឱ្យចេញជាការអនុវត្តជាក់ស្តែង ក្រោមស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម ឡេ មិញហ៊ឹង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន សម្តេចប្រធានរដ្ឋសភា ដែលបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ជំនួបលើកទី២នេះបានធ្វើឡើង ក្រោយពេលដែលឯកឧត្តមបានជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ នៅទីក្រុងហូជីមិញ ពេលដែល សម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរនិងវាយតម្លៃខ្ពស់ពីការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តមមានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា នៅក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រកម្ពុជា នឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៥០ ជាមិនខានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានជម្រាប ជូន សម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលប្រកបដោយផ្លែផ្កានិងអត្ថន័យនៃជំនួបពិភាក្សារវាង ឯកឧត្តម និង សម្តេចធិបតី ហ៊ុន ម៉ាណែត នៅមុននេះ។

ជាមួយការអបអរសាទរលទ្ធផលដ៏ត្រចះត្រចង់នៃជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ឡេ មិញហ៊ឹង សម្តេចប្រធានរដ្ឋសភា ក៏បានអបអរសាទរការរីកចម្រើនដ៏ខ្លាំងក្លារបស់ប្រទេសវៀតណាម ជាពិសេសលទ្ធផលនៃការធ្វើការកែទម្រង់ស៊ីជម្រៅរបស់វៀតណាម។ សម្តេចមានជំនឿមុតមាំថាក្រោមការដឹកនាំរបស់បក្សនិងរដ្ឋវៀតណាម នឹងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៤៥ ជាក់ជាមិនខានឡើយ។

សម្តេចបានមានប្រសាសន៍បន្តថា ក្នុងបរិបទបច្ចុប្បន្នដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចតំបន់និងសកល មានការវិវឌ្ឍប្រែប្រួលប្រកបដោយភាពស្មុគស្មាញ មិនប្រាកដប្រជា និងមានហានិភ័យខ្ពស់ ការទូតសភាដើរតួនាទីយ៉ាងសកម្មខ្លាំងឡើង និងបំពេញបន្ថែមដល់ការទូតរដ្ឋ និងការទូតបក្ស ដោយធានាបាននូវសង្គតិភាព និងភាពបត់បែន។ រដ្ឋសភាប្រទេសទាំងពីរបានយល់ស្របគ្នាជាឯកច្ឆន្ទ និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលនេះបានឆ្លើយតបសភាពការណ៍ជាក់ស្តែង សំដៅនាំផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងយកប្រជាជនជាស្នូល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម ឡេ មិញហ៊ឹង បានវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការនៃរដ្ឋសភាប្រទេសទាំងពីរ ទាំងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់អគ្គលេខាធិការដ្ឋាន ពិតជាមានសារៈសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍដោយចីរភាព ព្រមទាំងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និងប្រព័ន្ធពហុភាគីនិយមបើកចំហ និងបរិយាបន្ន ព្រមទាំងការកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលឱ្យកាន់តែមានសមធម៌ យុត្តិធម៌ និងបរិយាបន្ន។ ប្រទេសទាំងពីរ គាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍មជ្ឈភាពអាស៊ាន និងនិម្មានុកម្មតំបន់ ដោយផ្អែកលើច្បាប់ ក្រោមជំនឿថា អាស៊ានគឺជាខែលការពារដ៏រឹងមាំក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តមនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍នានា នៃប្រទេសទាំងពីរ នាពេលខាងមុខនេះ សម្រាប់អបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ផងដែរ។ ៦០ឆ្នាំមកនេះទំនាក់ទំនងប្រទេសភូមិផងរបងជាមួយគ្នានេះ ឈរលើភាពជឿជាក់ ស្មោះត្រង់ និងយោគយល់ផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕