ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញធ្វើពិធីរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃ និងពហូឆ្លង ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន
ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញធ្វើពិធីរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃ និមន្តព្រះសង្ឃសូត្រធម៌ បង្សុកូល និងពិធីពហូឆ្លង តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងសាច់ញាតិទាំងឡាយដែលបានលាចាកលោកនេះទៅ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងជំនឿព្រះពុទ្ធសាសនា និងការប្រតិបត្តិធម៌។ ក្នុងរយៈពេល១៤ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ ប្រជាពុទ្ធបរិស័ទតែងនាំគ្នាទៅវត្តអារាម ដើម្បីប្រគេនចង្ហាន់ព្រះសង្ឃ ធ្វើបុណ្យរំឭកគុណបុព្វការីជន និងឧទ្ទិសកុសលផលបុណ្យជូនដល់សាច់ញាតិដែលបានចែកឋានទៅ ព្រមទាំងបណ្តុះសទ្ធាជ្រះថ្លា និងប្រកាន់ខ្ជាប់នូវអំពើល្អក្នុងជីវិតប្រចាំថ្ងៃ។
ក្រៅពីការបំពេញកុសលតាមគន្លងព្រះពុទ្ធសាសនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាឱកាសដ៏មានតម្លៃសម្រាប់ក្រុមគ្រួសារ និងសហគមន៍ជួបជុំគ្នា បង្កើនចំណងសាមគ្គីភាព និងបន្តថែរក្សាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរឱ្យបានគង់វង្សពីមួយជំនាន់ទៅមួយជំនាន់។
ការចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ក៏ជាការបង្ហាញពីការប្រកាន់ខ្ជាប់នូវជំនឿសាសនា ការដឹងគុណចំពោះបុព្វការីជន និងការចូលរួមអភិរក្សមរតកវប្បធម៌ ប្រពៃណីជាតិខ្មែរ ដែលជាអត្តសញ្ញាណដ៏មានតម្លៃរបស់ប្រជាជាតិ៕


