អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug ជូនដល់អ្នកទៅលេងស្រុក
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលរាជធានីភ្នំពេញ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC រួមគ្នាធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននិង App NoDrug ដល់ប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើត ដើម្បីទៅលេងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរតាមមធ្យោបាយរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះលោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញបានសម្របសម្រួលសហការធ្វើសកម្មភាពផ្សព្វផ្សាយ ហើយលោកក៏បានជំរុញឱ្យអ្នកបើកបរ ក៏ដូចជាអ្នកបម្រើការនៅលើរថយន្តទាំងអស់ ឱ្យជួយផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋទាញយក App NoDrug :https://nodrugsnacd.com/download_kh ប្រើប្រាស់។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្រសួង ស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដៃគូMOU សមាគមវិទ្យុ ទូរទស្សន៍កម្ពុជា អង្គការមហាជន ព្រះសង្ឃ អាចារ្យ នឹងមានសកម្មភាពផ្សព្វផ្សាយអប់រំផ្ទាល់ និងមិនផ្ទាល់តាមរយៈវិទ្យុទូរទស្សន៍ បណ្ដាញផ្សព្វផ្សាយរដ្ឋ និងឯកជន ការដាក់តាំងបដា ពាក្យស្លោកប្រឆាំងគ្រឿងញៀន និងជំរុញការប្រើប្រាស់ទូរសព្ទដៃ NoDrug ក្នុងរាជធានី ខេត្ត ការផ្ញើសារតាមទូរសព្ទដៃ៊ ។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត បាននាំយកការថ្លែងអំណរគុណ និងកោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ក្រសួង ស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត អង្គការមហាជន វិស័យឯកជន វិស័យសាសនា ដៃគូMOU ដែលតែងតែយកចិត្តទុកដាក់ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងបំផុសឱ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមឱ្យការធ្វើដំណើររបស់បងប្អូនទៅគ្រប់ទីជួបតែសុខសុវត្ថិភាព ចៀសផុតបានពីឧបទ្រពចង្រៃទាំងឡាយ ទាំងពួង នាំមកនូវសេចក្តីសុខគ្រប់ប្រការ។


