អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងបាត់ដំបងទទួលបានការផ្សព្វផ្សាយដើម្បីពង្រឹងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងApp NoDrug

ខេត្តបាត់ដំបង ៖ អនុវត្តតាមផែនការពហុវិស័យ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន​ ចាប់ពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៦ បានសហការជាមួយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដើម្បីចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងបាត់ដំបង  ខេត្តបាត់ដំបង  បានចំនួន២៥ទីតាំង គ្របដណ្តប់ចំនួនមនុស្សជាង៣០១នាក់។

លោក វ៉ែន មករា ប្រធានការិយាល័យ តំណាងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង  បានស្វាគមន៍និងបង្ហាញពីសភាពការណ៍ទេសចរណ៍នៅក្នុងខេត្តក៏ដូចជាកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធានាសុវត្ថិភាពនិងទាក់ទាញអ្នកទេសចរណ៍ឲ្យមកលេងខេត្តបឹងទន្លេសាបនេះ។

ថ្លែងក្នុងនាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងឱកាសនោះ លោក ឡោ សុវិជ្ជា  អគ្គនាយករងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ បានផ្សព្វផ្សាយផែនការលេខ ០១ ផក ចុះថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ ស្តីពីផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី១១ ។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំការថ្លែងអំណរគុណ និងកោតសសើររបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់គ្រប់សមាសភាពនៃវិស័យទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយគោលបំណងពេលនេះ គឺពង្រឹងការចូលរួមរបស់វិស័យឯកជនជួយបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀន តាមរយ:ការផ្តល់នូវខិតបណ្ណ សៀវភៅច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ស្ទីកឃ័រណែនាំឱ្យទៅទទួលសេវាព្យាបាលដោយផ្អែកលើសហគមន៍ នៅមូលដ្ឋានសុខាភិបាល និងបំផុសការប្រើប្រាស់ App NoDrug ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានថ្លែងបញ្ជាក់ជូនថាការចូលរួមជួយពីម្ចាស់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាការជួយខ្លួនឯង ការពារបាននូវសុវត្ថិភាពបុគ្គលិក និងសហគមន៍ពីបញ្ហា

គ្រឿងញៀន។

សូមបញ្ជាក់ថា នៅខេត្តបាត់ដំបងមានកន្លែងព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍មានចំនួន៣៧កន្លែង គឺនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក  និងមណ្ឌលសុខភាពឃុំសង្កាត់ ព្រមទាំងមជ្ឈមណ្ឌលព្យាបាលស្ដារនីតិសម្បទា២ទីតាំងគឺពិភពនៃក្តីសង្ឃឹម នៅស្រុកបវេល និង កែ ស៊ីនួន នៅស្រុករតនៈមណ្ឌល ។