ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន អញ្ជើញចូលរួមកាន់បិណ្ឌទី១៣ នៅវត្តត្នោត ស្រុកបាទី ព្រមទាំងប្តេជ្ញាប្រែក្លាយទីអារាមនេះឱ្យទៅជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ទាក់ទាញ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន ព្រមទាំងក្រុមគ្រួសារ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ បានអញ្ជើញកាន់បិណ្ឌទី១៣ នៅវត្តត្នោត ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ប្រកបដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។

នៅក្នុងឱកាសបុណ្យទានដ៏វិសេសវិសាលនេះ ឯកឧត្តម និងលោកជំទាវ បានសម្រិតសម្រាំងនាំយកនូវចង្ហាន់បិណ្ឌបាត្រ ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យចតុបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស ដើម្បីទ្រទ្រង់ការប្រតិបត្តិធម៌វិន័យ និងចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តអារាម។ ពិធីនេះប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សោមនស្សរីករាយ ដោយព្រះសង្ឃ និងពុទ្ធបរិស័ទបានរួមចិត្តជ្រះថ្លា ឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ឃឹង ពួយ និងឧបាសិកា ស ធឿង ជាមាតាបិតាបង្កើត ព្រមទាំងបុព្វការីជន វីរយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងញាតិកាទាំងប្រាំពីរសន្តាន សូមឱ្យបានទៅសោយសុខក្នុងទីបរមសុគតិភពកុំបីឃ្លៀងឃ្លាត។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានគូសបញ្ជាក់ថា ការជួបជុំធ្វើបុណ្យទាននាពេលនេះ គឺអាចប្រព្រឹត្តទៅបានដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនា និងរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

លើសពីនេះ ឯកឧត្តមបានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំ និងមានបំណងចូលរួមកសាងសមិទ្ធផលបន្ថែមទៀតជាមួយពុទ្ធបរិស័ទ ជាពិសេសនៅក្នុងរដូវកាលបុណ្យកឋិនទានខាងមុខ ដើម្បីជំរុញការកសាងសមិទ្ធផលនានាក្នុងវត្តត្នោត ឱ្យកាន់តែរីកចម្រើន ជាពិសេសម្រុញដល់ការសាងសង់ សាលាធម្មសភា ឥទ្ធិបាទ ផងដែរ។

ឯកឧត្តម បានបញ្ជាក់បន្ថែមអំពីចក្ខុវិស័យវែងឆ្ងាយថា សាលាធម្មសភា ឥទ្ធិបាទនេះ មិនត្រឹមតែជាទីកន្លែងសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រព្រះធម៌វិន័យ និងភាសាបាលីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅប្រែក្លាយទីអារាមវត្តត្នោត ឱ្យទៅជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏លេចធ្លោតែមួយគត់នៅក្នុងស្រុកបាទី។ ជាមួយគ្នានោះ ការរចនាក្បូរក្បាច់ចម្លាក់ គំនូរបុរាណនៅលើជញ្ជាំង សសរ និងដំបូលព្រះវិហារ ក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការអភិរក្ស និងលើកតម្កើងកេរដំណែលវប្បធម៌ អត្តសញ្ញាណជាតិខ្មែរឱ្យគង់វង្សស្ថិតស្ថេរតរៀងទៅ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ព្រះចៅអធិការវត្ត គណៈកម្មការ និងអាចារ្យវត្ត ដែលបានរួមសាមគ្គីគ្នាដឹកនាំ ផ្តួចផ្តើម និងខិតខំកសាងសមិទ្ធផលនានាជាបន្តបន្ទាប់ឱ្យលេចជារូបរាងឡើង និងបានអំពាវនាវដល់សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ បន្តរួមគ្នាចូលរួមបរិច្ចាគធនធាន ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែត្រចះត្រចង់បន្ថែមទៀត៕