ឯកឧត្តម ឡេ មិញ ហុឹង ( Le Minh Hung ) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះបរមរូប «ព្រះបរមរតនកោដ្ឋ»

នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦  ឯកឧត្តម ឡេ មិញហុឹង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជេីញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

បន្ទាប់ពីឯកឧត្តម ឡេ មិញហុឹង  នាយករដ្ឋមន្រ្តីនៃ

សាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូអមដំណើរ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ រួចមក ឯកឧត្តម បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមណ្ឌបព្រះបរមរូប ដែលទទួលស្វាគមន៍ដោយ ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ជាមួយគ្នានេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងជារដ្ឋមន្ត្រីអមគណៈប្រតិភូ និងលោកជំទាវ ទូច សុផារ័ត្ន ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរសដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញអមដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

ទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឡេ មិញ ហុឹង បានបញ្ជាក់អំពីគោលបំណងរួម ក្នុងការពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងបញ្ជាក់អំពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី។

ដំណើរទស្សនកិច្ចផ្លូវការនាឱកាសនេះ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតសិ្នទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលេីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម៕