លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី និងឯកឧត្តម ត្រាក់ ថៃសៀង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកិច្ចការនារី រៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី ១២នៅវត្តធម្មវិបស្សនារាម ហៅវត្តតាភេម ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦, លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សម្តែងព្រះធម៌ទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី ១២នៅវត្តធម្មវិបស្សនារាម ហៅវត្តតាភេម ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ។ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រោមឱវាទក្រសួងកិច្ចការនារី ព្រមទាំងភ្ញៀវកិត្តិយសជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ។
ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និង ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗនានា ដែលប្រជាជនខ្មែរតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំតាំងពីបរមបុរាណ ហើយជារៀងរាល់ឆ្នាំនារដូវបុណ្យភ្ជុំ, ក្រសួងកិច្ចការនារី តែងទទួលកាន់បិណ្ឌវេននៅវត្តធម្មវិបស្សនារាម ហៅវត្តតាភេមដើម្បីនាំយកបច្ច័យបុណ្យ និង គ្រឿងបរិក្ខារមួយចំនួនទៀត វេរប្រគេនថ្វាយដល់ព្រះសង្ឃ ដែលជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃក្រសួងកិច្ចការនារីនិងពុទ្ធិបរិស័ទចំណុះជើងវត្ត ក្នុងគោលបំណងបន្តចូលរួមប្រតិបត្តិនូវ ជំនឿប្រពៃណី និង ទំនៀមទម្លាប់ជាតិ ក្នុងការឧទ្ទិសកុសល និង ផលបុណ្យ ជូនចំពោះដូនតា បុព្វការីជន និង ញាតិសន្តាន ដែលបានចែកឋានទៅកាន់បរលោក ព្រមទាំងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ។
នាវេលាដ៏នក្ខត្តឫក្សនេះ, លោកជំទាវរដ្ឋមន្ត្រីបានប្រគេនថ្វាយថវិកាបច្ច័យព្រះធម្មទេសនា ដែលជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងកិច្ចការនារីដែលជាការចូលរួមចំណែកក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា តាមគន្លងប្រពៃណីទំនៀមទម្លាប់ជាតិ ៕


