ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ១២ នៅវត្តថាន់ ក្នុងខណ្ឌចំការមន នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយថ្នាក់ដឹកនាំជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន និងសង្កាត់ទាំង៥ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌចំការមន និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ ១២ និងប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្ត នួនមណីរាម ហៅវត្ត ថាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ញាតកាទាំង ៧ សន្តាន និងវីរជនស្នេហាជាតិ វីរកងទ័ព ដែលបានពលីជី​វិតការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា។

ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្តថាន់ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នាឱកាសនេះ រួមមានបច្ច័យ ចង្ហាន់ ៧ស្រាក់ សាដក ៧ ឈុត បាយបិតបូរ ៧ ស្ករស ១ បាវ ត្រីខ ១ កេស អង្ករ ៦ បាវ ទឹកដោះគោខាប់ ១ កេស ទឹកបរិសុទ្ធ ១៥ កេស ទឹកផ្លែឈើ ១២ កេស និងមី ១២ កេសជាដើម។

ក្នុងបរិយា​កាសប្រកបដោយសទ្ធាជ្រះថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបានវេរទេយ្យទានទាំងអស់ប្រគេនព្រះសង្ឃ និងឧទិ្ទសកុសលផលបុណ្យជូន​ដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋាន និងជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលកើតមានដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ។

ពិធីបុណ្យកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង ៧ សន្តាន ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផលានិសង្សបានគ្រប់ៗគ្នា។ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕