គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ
ខេត្តព្រះវិហារ៖ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ នៅទីបញ្ជាការស្រាល យោធភូមិភាគទី១ និងកងពល១២៨ ប្រចាំទិសសមរភូមិមុខ ខេត្តព្រះវិហារ។
ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ។ ឯកឧត្តម បានគូសបញ្ជាក់ថា សម្តេចធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងគំរូវីរភាពដ៏ស្មោះត្រង់របស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ដាំ រ៉ា តំណាងដល់នាយទាហាន និងពលទាហានទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ដែលចុះជួបសំណេះសំណាលដោយផ្ទាល់ពីសុខទុក្ខរបស់កងកម្លាំងជួរមុខ និងបាននាំយកនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនដល់កម្លាំងនាពេលនេះ។ លោកឧត្តមសេនីយ៍ទោ ដាំ រ៉ា បានជូនពរដល់ថ្នាក់ដឹកនាំខេត្ត រួមទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋ សូមមានសុខសុវត្ថិភាពគ្រប់ពេលវេលា និងទទួលបានជោគជ័យគ្រប់ភារកិច្ច នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលនេះ ។
នាឱកាសនោះ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏បានប្រគល់អំណោយលើកទឹកចិត្តជាស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមជាមួយថវិកាចំនួន ២០លានរៀល ដែលទទួលបានពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងសប្បុរសជននានា ក្នុងខេត្តមណ្ឌលគិរី ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ៕


