ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បញ្ជាក់ប្រាប់ប្រធានសហព័ន្ធកីឡាប្រដាល់ប៉ូឡូញថា៖ នៅលើសង្វៀនអ្នកប្រដាល់ត្រូវប្រយុទ្ធដណ្តើមខ្សែក្រវាត់ ប៉ុន្តែនៅខាងក្រៅវិញយើងគឺជាអ្នកប្រយុទ្ធដើម្បីប្រជាជន

នៅថ្ងៃព្រហស្បតិ៍នេះលោក Karol Nawrocki (ការ៉ូល ណាវរ៉ូគី) ប្រធានសហព័ន្ធប្រដាល់ប៉ូឡូញ បានចូលរួមហាត់ប្រដាល់ (sparring) ជាមួយលោក Manny Pacquiao ដែលជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក៨ស្ថាប័ន និងបច្ចុប្បន្នជាលេខាធិការនៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងភាពក្រីក្រ (NAPC) ប្រទេសទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ប្រមុខកីឡាប្រដាល់ប៉ូឡូញរូបនេះ ដែលជាអ្នកស្រឡាញ់កីឡាបែបប្រយុទ្ធអស់មួយជីវិតទៅហើយ បានចូលទៅក្នុងក្លឹបហាត់ប្រដាល់ ដើម្បីហាត់សមជាមួយលោក Pacquiao ដោយផ្ទាល់ ដែលលោកទើបតែត្រូវបានរដ្ឋាភិបាលតែងតាំងជាលេខាធិការ NAPC ថ្មីៗនេះ។ សេចក្តីប្រកាសព័ត៌មានរបស់លោក Pacquiao បានបញ្ជាក់ថា៖ អ្វីដែលចាប់ផ្តើមពីការជួបគ្នារវាងអ្នកគាំទ្រ និងតារាកីឡា បានប្រែទៅជាសកម្មភាពនៃសាមគ្គីភាព ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមសង្គមដ៏សំខាន់របស់ហ្វីលីពីនដែលមានឈ្មោះថា “Knockout Ang Kahirapan: Masaganang Pamumuhay sa Bagong Pilipinas ឬ ការកម្ចាត់ភាពក្រីក្រ ដើម្បីជីវភាពរុងរឿងនៅក្នុងប្រទេសហ្វីលីពីនសម័យថ្មី។ លោកប្រធាន Nawrocki មិនបានលាក់បាំងអ្វីនោះទេ ដោយលោកបានកោតសរសើរចំពោះអតីតម្ចាស់ជើងឯកពិភពលោករូបនេះ ដោយបានហៅ Pacquiao ថា៖ ជាតំណាងដ៏រឹងមាំនៃភាពអត់ធ្មត់ មានវិន័យ និងជ័យជម្នះលើភាពលំបាក។ ក្នុងឈុតហាត់ប្រដាល់ មេដឹកនាំកីឡាប៉ូឡូញរូបនេះបានផ្លាស់ប្តូរបទពិសោធន៍នៃការហាត់វាយគោលដៅ (mittwork) សង្កេតមើលការហាត់ប្រដាល់ជាមួយម្ចាស់ជើងឯកបច្ចុប្បន្ន និងចែករំលែកពេលវេលាដ៏រីករាយនៅលើសង្វៀនជាមួយវីរបុរសប្រដាល់ហ្វីលីពីន។ សម្រាប់លោក Pacquiao ការស្វាគមន៍ប្រធានសហព័ន្ធកីឡាបរទេសក្នុងឈុតពាក់ហ្កង់ហាត់ប្រដាល់ គឺជាអ្វីដែលលោកធ្លាប់ធ្វើជាប្រចាំទៅហើយ ប៉ុន្តែវាបានផ្តល់នូវអត្ថន័យថ្មីមួយសម្រាប់ប្រធានកីឡាប្រដាល់ប៉ូឡូញដែរ។ លោក Pacquiao បាននិយាយថា៖ នៅលើសង្វៀន អ្នកប្រយុទ្ធដើម្បីដណ្តើមខ្សែក្រវាត់  ចំណែកឯការបម្រើនៅខាងក្រៅវិញ គឺយើងត្រូវប្រយុទ្ធដើម្បីប្រជាជនខ្លួនឯង។ លោកបន្តថា៖ ការដែលលោកប្រធាន Nawrocki ចូលរួមជាមួយយើង ជាការបង្ហាញថា៖ ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់យើង គឺជាការតស៊ូជាសកល។ យើងកំពុងរួមគ្នាលុបបំបាត់ភាពក្រីក្រ ដោយចាប់ផ្តើមពីសហគមន៍មួយទៅសហគមន៍មួយទៀត។ លោក Pacquiao ក៏បានលើកឡើងផងដែរថា ការហាត់ប្រដាល់ជាមួយប្រធានកីឡាប៉ូឡូញរូបនេះ គឺជាការរំលឹកដ៏មានអត្ថន័យថា៖ ភាពជាអ្នកដឹកនាំពិតប្រាកដ ទាមទារឱ្យមានការខិតខំប្រឹងប្រែង មានភាពធន់ និងភាពក្លាហានក្នុងការឈានជើងចូលសង្វៀន ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយបំផុតពីយើង៕

សម្រួលអត្ថបទ៖ សុផារិន្ទ