ខេត្តព្រះសីហនុ ចាប់ផ្តើមគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍នេសាទចំនួន៤ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ពិធីបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍នេសាទងាយរងគ្រោះតាមតំបន់ឆ្នេរចំនួន៤ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក សាមុត សុធារិទ្ធ អភិបាលស្តីទីខេត្តព្រះសីហនុ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋជាសមាជិកសហគមន៍ នេសាទយ៉ាងច្រើនកុះករ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ គ្របដណ្តប់លើសហគមន៍នេសាទងាយរងគ្រោះចំនួន៤ រួមមាន សហគមន៍នេសាទបឹងរាំង សហគមន៍នេសាទជ្រលង សហគមន៍នេសាទចុងអូរ សហគមន៍នេសាទព្រៃនប់២ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការបង្កើត និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីៗទាំងនេះ ត្រូវបានរំពឹងទុកថានឹងជួយកែលម្អសោភ័ណភាព និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបរបរនេសាទរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន។ ម្យ៉ាងវិញទៀត គម្រោងនេះក៏ជារួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការតភ្ជាប់គមនាគមន៍ ការអភិរក្សធនធានធម្មជាតិ និងការជំរុញសក្តានុពលសេដ្ឋកិច្ចសមុទ្រប្រកប ដោយចីរភាពក្នុងខេត្តព្រះសីហនុ។

អត្ថបទ ៖ ស្រីមុំ

រូបភាព ៖ ពពក