ឯកឧត្តម ឈួរ សុបញ្ញា : សូមឈប់ទាស់ទែងគ្នារឿងលុបបំបាត់ ប៉ុន្តែត្រូវរក្សាពិធីបោះបាយបិណ្ឌ ក្រោមទស្សនៈថា «ការអភិវឌ្ឍនិងអភិរក្សត្រូវស្របគ្នានៅក្នុងសង្គមខ្មែរ»
ឯកឧត្តម ឈួរ សុបញ្ញា ប្រធានសមាគមសីលធម៌អន្តរជំនានបានលើកឡើងពីការពិភាក្សាវែកញែកតាមបណ្តាញសង្គមពាក់ព័ន្ធទៅនឹងបញ្ហាពិធីបោះបាយបិណ្ឌអំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌថា នៅក្នុងរដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ សង្គមយើងតែងតែមានការទាស់ទែង និងពិភាក្សាគ្នាយ៉ាងក្តៅគគុកលើប្រធានបទ «ការបោះបាយបិណ្ឌ»។ ម្ខាងទាមទារឱ្យលុបបំបាត់ចោលទាំងស្រុងដោយអាងលើធម៌វិន័យព្រះពុទ្ធសាសនា ឯម្ខាងទៀតខិតខំពុះពារការពារប្រពៃណីដូនតា។ តើការឈ្លោះប្រកែកគ្នាជជែកយកឈ្នះចាញ់នេះ បានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ និងសាមគ្គីភាពក្នុងសាសនា?
ដល់ពេលហើយដែលយើងត្រូវប្តូរឥរិយាបថពី «ការទាស់ទែងគ្នា» មកជា «ការបង្កើតទស្សនៈរួមប្រកបដោយប្រាជ្ញា» ដោយឈរលើគោលការណ៍៖ «អភិវឌ្ឍន៍ និងអភិរក្ស ត្រូវដើរទន្ទឹមគ្នា និងថែរក្សាគ្នាទៅវិញទៅមក» ។
១. អភិរក្ស ៖ ត្រូតែរក្សា «ព្រលឹងនៃពិធី» ដែលជាមរតកប្រពៃណីដូនតាបង្កើតមកដើម្បីជាគតិអប់រំប្រកបដោយឧបមាណវិធី គឺ:
👉 កុំលុបបំបាត់៖ ការបោះបាយបិណ្ឌ មិនមែនជាអំពើអាក្រក់ ឬជាអកុសលឡើយ។ វាជាបេតិកភណ្ឌអរូបី និងជាមនោសញ្ចេតនានៃ «ការនឹកនា ការអាណិតអាសូរ និងការចែករំលែក» របស់មនុស្សរស់ ជូនចំពោះបុព្វការីជន និងអទិស្សមានកាយដែលរងទុក្ខវេទនា។
👉 រក្សាតម្លៃវប្បធម៌៖ ការលុបបំបាត់ពិធីបុរាណចោលទាំងស្រុង អាចធ្វើឱ្យបាត់បង់អត្តសញ្ញាណ ព្រលឹងប្រពៃណី និងភាពជិតស្និទ្ធរបស់ប្រជាពុទ្ធបរិស័ទជាមួយវត្តអារាមនាពេលព្រលឹមស្រាងៗ។ ដូច្នេះ ការ «អភិរក្ស» គឺជានិមិត្តរូបនៃមេត្តាធម៌ និងការគោរពដូនតាដែលមិនត្រូវបោះបង់ឡើយ ដែលនេះជាធម៌ កតញ្ញូ ចំពោះដូនតា។
២. អភិវឌ្ឍន៍ ៖ កែប្រែ «ឥរិយាបថ និងវិធីសាស្ត្រ» ឱ្យទាន់សម័យកាល ដើម្បីធានាដល់ការអនុវត្តប្រកបដោយចិរភាព និងរក្សាមូលដ្ឋានទម្រង់ដើម គឺ :
👉ការអភិវឌ្ឍវិធីធ្វើ៖ អភិវឌ្ឍន៍មិនមែនជាការបំផ្លាញចោលទេ ប៉ុន្តែជា «ការធ្វើឱ្យកាន់តែប្រសើរឡើង»។ អ្វីដែលត្រូវប្តូរ គឺប្តូរពីការ «បោះចោលផ្តេសផ្តាសលើដី» ដែលនាំឱ្យខូចអនាម័យ បាត់បង់សោភ័ណភាព និងប្រឡាក់ប្រឡូកទីសក្ការៈ មកជា«ការរៀបចំដាក់ដុំបាយបិណ្ឌដោយក្តីគោរព និងមានរបៀបរៀបរយ» នៅលើតុ ជាល កាធុន ឬ ទីតាំងសមរម្យដែលវត្តបានរៀបចំជូន។
👉ការអភិវឌ្ឍស្មារតី៖ បំពេញបន្ថែមនូវ«ប្រាជ្ញាញាណ» ដល់អ្នកធ្វើបុណ្យ ឱ្យយល់ច្បាស់ពីការសមាទានសីល ការធ្វើចិត្តឱ្យជ្រះថ្លា ការស្តាប់និងសិក្សានូវធម៌បរាភវសូត្រ និងការតាំងចិត្តឧទ្ទិសកុសល ដែលជាខ្លឹមសារពិតនៃព្រះពុទ្ធសាសនា។
៣. «អភិវឌ្ឍន៍ និងអភិរក្ស» ៖ យន្តការទាំងទ្វេជាគូគ្នានៃសង្គមមានភាពចាស់ទុំ គឺ :
👉បើគ្មានការអភិរក្ស៖ យើងនឹងបាត់បង់ឫសគល់ ព្រលឹងវប្បធម៌ និងអត្តសញ្ញាណជាតិ។
👉បើគ្មានការអភិវឌ្ឍ៖ យើងនឹងរស់នៅក្នុងភាពអន្ធការ ជំនឿជ្រុលនិយម និងខ្វះការយល់ដឹងពីតម្លៃនៃពុទ្ធិព្រឹត្តិការណ៍ ឬ ពិធីកម្ម។
កាលណា «អភិរក្សនិងអភិវឌ្ឍន៍»ដើរទន្ទឹមគ្នា នោះពិធីបោះបាយបិណ្ឌនឹងនៅតែជា«មរតកវប្បធម៌» ដ៏ស្រស់បំព្រងផង ហើយក៏ជាសកម្មភាពប្រកបដោយសីលធម៌ មានអនាម័យ និងប្រាជ្ញាញាណ ស្របតាមធម៌វិន័យព្រះពុទ្ធសាសនាផងដែរ។ ជៀសវាងការបែងចែកបក្សពួក ជៀសវាងការរិះគន់ប្រមាថគ្នាទៅវិញទៅមក។ អ្នកចង់រៀបចំពិធីបោះបាយបិណ្ឌត្រូវធ្វើដោយចិត្តមេត្តា និងមានរបៀបរៀបរយ។ អ្នកយល់ធម៌ជ្រៅជ្រះ ជួយណែនាំដោយចិត្តត្រជាក់ និងស្ថាបនា ជៀសវាងការបរិយាយដែលនាំឱ្យមានអរិភាពសង្គម និងការសិក្សាច្បាស់លាស់ពីប្រភពនៃគោលគំនិតដូនតា ។ ការរិះគន់ប្រមាថគ្នា ឬការចោទប្រកាន់ថា «អវិជ្ជា» ឬ «មិនស្គាល់ប្រពៃណី» បង្កើតជាស្នាមប្រេះឆារវាងយុវជនជំនាន់ថ្មី និងចាស់ព្រឹទ្ធាចារ្យ ព្រមទាំងរវាងពុទ្ធបរិស័ទ និងសង្ឃអង្គខ្លះ។ បុណ្យភ្ជុំបិណ្ឌផ្តោតលើ «មេត្តា កតញ្ញូ និងកអភ័យទាន »។ កាលណាពុទ្ធបរិស័ទ ពិសេសយុវជន យកពេលមកទាស់ទែងគ្នា បេះដូងនៃការធ្វើបុណ្យក៏ត្រូវកកស្ទះដោយកំហឹង និងទិដ្ឋិ (មានះ) ទៅវិញ។


