ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់កម្មករសាងសង់អគារ និងផ្លូវក្នុងទីស្តីការក្រសួងព័ត៌មាន

ភ្នំពេញ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនកម្មករ ដែលកំពុងបំពេញការងារសាងសង់អគារ និងធ្វើផ្លូវក្នុងទីស្តីការក្រសួងព័ត៌មាន ប្រមាណជាង ៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកម្មករទាំងអស់ ដែលបានបំពេញការងារដោយយកចិត្តទុកដាក់ ទាំងថ្ងៃទាំងយប់ ដើម្បីធានាឱ្យការងារសាងសង់អគារ និងផ្លូវក្នុងទីស្តីការក្រសួងព័ត៌មាន ប្រព្រឹត្តទៅដោយរលូន និងសម្រេចបានតាមផែនការដែលបានកំណត់។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹក និងណែនាំដល់បងប្អូនកម្មករទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពការងារ ប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ និងបំពេញភារកិច្ចដោយប្រុងប្រយ័ត្ន ដើម្បីធានាបាននូវគុណភាពការងារ និងសុវត្ថិភាពរបស់ខ្លួនក្នុងអំឡុងពេលបំពេញការងារ។

ដូច្នេះការដែល ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តចំពោះបងប្អូនកម្មករ ដែលបានចូលរួមចំណែកក្នុងការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីស្តីការក្រសួងព័ត៌មាន៕