ជីវិតកម្មករអនាម័យនៅប្រទេសប៉ាគីស្ថានត្រូវធ្វើការដោយដៃ គ្មានបរិក្ខាជំនួយ ប្រឈមមុខនឹងឧស្ម័នពុលដោយប្រថុយជីវិត ទោះស្លាប់ក៏គ្មានអ្នកអើពើ
ដោយបានស្លៀកត្រឹមតែខោហែលទឹកតែមួយគត់ លោក Rafaqat Sharif បានចុះចូលទៅក្នុងរន្ធលូមួយប្រលោះខ្លួននៅលើផ្លូវក្នុងទីក្រុង Karachi ដែលនេះគឺជាទឹកកខ្វក់លិចដល់ចង្កេះបុរសវ័យ៥០ឆ្នាំរូបនេះ លោកបានប្រើដៃទទេដើម្បីកាយយកថ្ម និងកាកសំណល់ផ្សេងៗដែលស្ទះនៅក្នុងលូនោះចេញ។ នៅប្រទេសប៉ាគីស្ថាន កម្មករអនាម័យដូចជាលោក Sharif តែងតែចុះទៅក្នុងលូ និងរន្ធលូដែលស្ទះបែបនេះ ដោយគ្មានឧបករណ៍ការពារសុវត្ថិភាពជាមូលដ្ឋានឡើយ។ ក្រុមកម្មករ និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សបានលើកឡើងថា ពួកគេត្រូវប្រឈមមុខនឹងឧស្ម័នពុល កាកសំណល់ដែលមានមេរោគ និងជំងឺដែលអាចបណ្តាលឱ្យស្លាប់បាន។ លោកនិយាយថា៖ ទឹកលូវាមានឧស្ម័នប្រហែល៧ប្រភេទផ្សេងៗគ្នានៅទីនេះ។ មានឧស្ម័នមួយប្រភេទដែលមានក្លិនផ្អែម ប៉ុន្តែវាប៉ះពាល់ដល់បំពង់ ក មនុស្ស។ វាក៏មានឧស្ម័នដែលប៉ះពាល់ដោយភ្នែកផ្ទាល់ និងឧស្ម័នពណ៌លឿងមួយប្រភេទទៀត ដែលមានគ្រោះថ្នាក់ខ្លាំងបំផុតនៅពេលយើងស្រូបវាចូលតាមដង្ហើម។ លោកបន្តថា៖ មានមនុស្សបានស្លាប់ដោយសារការស្រូបឧស្ម័នទាំងនេះរួចហើយ។ ខ្ញុំអាចនិយាយបានថា មិត្តភក្តិរបស់ខ្ញុំប្រហែល១៥ ទៅ២០នាក់បានស្លាប់ដោយសារឧស្ម័នទាំងនេះ។ ហានិភ័យបែបនេះគឺវាមានកម្រិតធ្ងន់ធ្ងរជាពិសេសនៅក្នុងទីក្រុង Karachi និងទីក្រុងធំៗផ្សេងទៀត ដែលការសម្អាតលូដោយដៃនៅតែជារឿងធម្មតា ទោះបីជាមានការអំពាវនាវឱ្យប្រើប្រាស់គ្រឿងចក្រសម្រាប់សម្អាតក៏ដោយ។ លោក Sharif បានបញ្ជាក់ថា៖ លោកមិនត្រឹមតែប្រថុយជីវិតដើម្បីសម្អាតលូក្នុងទីក្រុងដ៏ល្បីនៅក្នុងប្រទេសលោកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មិនទទួលបានការគាំទ្រណាមួយពីរដ្ឋាភិបាលប៉ាគីស្ថានដែរ។ «យើងមិនដែលបានទទួលការថែទាំផ្នែកសុខភាព ឬជំនួយផ្នែកហិរញ្ញវត្ថុអ្វីឡើយ» ។ «ប្រសិនបើយើងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬជួបប្រទះបញ្ហាណាមួយនោះ គឺគ្មានប្រយោជន៍ គ្មានន័យ ឬការគាំទ្រណាមួយសម្រាប់ពួកយើងជាដាច់ខាត»។ លោក Yashwa ដែលជាកូនប្រុសនៃក្រុមគ្រួសាររបស់លោក Patras Bashir វិញដែលជាកម្មករអនាម័យម្នាក់ដែលបានស្លាប់ បន្ទាប់ពីបំពេញការងារក្នុងលក្ខខណ្ឌមានហានិភ័យខ្ពស់នេះបានឲ្យដឹងថា៖ ឪពុករបស់ខ្ញុំបានបន្តធ្វើការនេះទោះបីជាមានជំងឺក៏ដោយ ព្រោះគាត់ត្រូវរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ។ គាត់បានធ្វើការនៅក្នុងលក្ខខណ្ឌដ៏កខ្វក់ទាំងនោះ ដើម្បីអាចផ្តល់ការអប់រំដល់ពួកយើង ផ្តល់អាហារ និងទ្រទ្រង់ជីវភាពគ្រួសារ»។ អ្នកស្រី Jia Naz ដែលជាម្តាយ ក៏បានកំពុងអំពាវនាវឱ្យរដ្ឋាភិបាលកែលម្អលក្ខខណ្ឌការងារសម្រាប់កម្មករអនាម័យ។ រដ្ឋាភិបាលគួរតែផ្តល់នូវបរិក្ខារ និងលក្ខខណ្ឌដ៏ល្អបំផុត ដើម្បីធានាថាមិនឱ្យមានស្ថានភាពបែបនេះកើតឡើងទៀតឡើយ»៕
សម្រួលអត្ថបទ៖ សុផារិន្ទ


