លោកជំទាវ ទេស ផល្លីន៖ ក្រសួងព័ត៌មានបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញគ្រប់គ្រង និងរដ្ឋបាល

ភ្នំពេញ៖ លោកជំទាវ ទេស ផល្លីន បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបន្តយកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍធនធានមនុស្ស តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលជំនាញជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់មន្ត្រីរាជការ ឆ្លើយតបទៅនឹងតម្រូវការការងារ និងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍។

ការបញ្ជាក់នេះរបស់លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន ធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស និងលិខិតរដ្ឋបាល» ដែលរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិក្រឹតការ និងវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោកជំទាវ ទេស ផល្លីន បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន លើការកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

លោកជំទាវបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន ៨០រូប មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង ដែលទទួលបន្ទុកការងារធនធានមនុស្ស និងការងាររដ្ឋបាល។ សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ រួមមាន ការពង្រឹងវិន័យក្នុងអង្គភាព លិខិតរដ្ឋបាលផ្ទៃក្នុង លិខិតរដ្ឋបាលផ្ទៃក្រៅ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការបំពេញការងារ ច្បាប់ឈប់សម្រាក និងការគ្រប់គ្រងវត្តមានរបស់មន្ត្រីរាជការស៊ីវិល។

លោកជំទាវអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលរបស់អគ្គលេខាធិការដ្ឋាន ត្រូវបានរៀបចំដោយបញ្ចូលទាំងការសិក្សាទ្រឹស្តី ការធ្វើតេស្តស្ទង់សមត្ថភាពមុន និងក្រោយការបណ្តុះបណ្តាល ព្រមទាំងការពិភាក្សា និងអនុវត្តការងារជាក្រុម ដើម្បីឱ្យសិក្ខាកាមអាចយកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែងក្នុងការងារ។

លោកជំទាវ ទេស ផល្លីន បានសង្កត់ធ្ងន់ថា តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញពីវាគ្មិនដែលមានជំនាញពាក់ព័ន្ធ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែម ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការជាក់ស្តែង។

លោកជំទាវ បានបញ្ជាក់ជាថ្មីម្តងទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃការបន្តជំរុញការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងព័ត៌មាន ដោយផ្តោតលើការពង្រឹងសមត្ថភាពមន្ត្រីឱ្យមានចំណេះដឹង ជំនាញ និងស្មារតីវិជ្ជាជីវៈ ដើម្បីចូលរួមលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍៕