ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញពិធីបុណ្យកាន់បិណ្ឌវេនទី១០ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅវត្តតាំងក្រសាំងខាងជើង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ នាថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦  ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញក្នុងពិធីកាន់វេនបិណ្ឌវេនទី១០ នៅវត្តតាំងក្រសាំងខាងជើង ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យ ឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន ញាតិការទាំង៧សន្តាន និងវីរៈកងទ័ពពលីដើម្បីបុព្វហេតុការពារទឹកដីជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់លោកខាងមុខ តាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសីលធម្មគុណ គីម ធួន ព្រះរាជាគណថ្នាក់កិត្តិយស ព្រះចៅអធិការ វត្តតាំងក្រសាំងខាងជើង និងព្រះសង្ឃ ព្រមទាំងសមាទានសីលរម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែល ព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្ត តាំងក្រសាំងខាងជើង តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នាឱកាសនេះ រួមមាន បច្ច័យ ទេយ្យវត្ថុ ស្លាដក ៧ បាយបិតបូរ ៧ បាត្រ ផ្លែឈើស្រស់ ៧ មុខ ទៀន ធូប ផ្កា អង្ករ មី ត្រីខ ទឹកក្រូច ស្ករស ទឹកដោះគោខាប់ និងទឹកបរិសុទ្ធជាដើម។  ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញានិងខែតុលា ដែលជាពិធី បុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំនៅ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន តែងតែវិលត្រឡប់ទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅកាន់លោកខាងមុខទៅតាមទំនៀមទម្លាប់ខ្មែរ។

តាមរយៈពិធីកាន់បិណ្ឌនេះ ឯកឧត្តមរដ្ឋមន្ត្រី សូម ជូនមហាកុសលផលបុណ្យ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និយោគជិត កម្មករ កម្មការិនី ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងរកទទួលទាន បានដ៏ល្អប្រពៃដ៏ល្អផូរផង់នៃយើងទាំងអស់គ្នា៕