សិក្ខាកាមចូលរួមសរុបចំនួន១៤២នាក់ ទទួលបានវគ្គបណ្តុះបណ្តាលស្តីពី “ការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា ដល់អត្តពលិកជម្រើសជាតិឆ្នាំ២០២៦

សិក្ខាកាមចូលរួមសរុបចំនួន១៤២នាក់ ទទួលបានការសិក្សាពីរ វគ្គបណ្តុះបណ្តាលស្តីពី ការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា ដល់អត្តពលិក ជម្រើសជាតិ ឆ្នាំ២០២៦ នេះក្នុងគោលបំណង ផ្សព្វផ្សាយ ការយល់ដឹងពីវិធាន ប្រឆាំងដូប៉ា ឱ្យបានទូលំទូលាយ ដល់អត្តពលិក ស្វែងយល់ ពីអត្ថប្រយោជន៍ និងរបៀបដាក់ស្នើសុំការប្រើប្រាស់ថ្នាំហាមឃាត់។

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា ដល់អត្តពលិក ជម្រើសជាតិឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ  បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ដោយមានសិក្ខាកាម ចូលរួមសរុបចំនួន១៤២នាក់ ធ្វើឡើងតាមគោលការណ៍កំណត់របស់ក្រមប្រឆាំងដូប៉ាអន្តរជាតិ ដែលតម្រូវឱ្យគ្រូបង្វឹកកីឡា និងអត្តពលិកទាំងអស់ នៃប្រទេស ហត្ថលេខី បានសិក្សាស្វែងយល់អំពីការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា និងទទួលបានវិញ្ញបនបត្របញ្ជាក់អាឌែល (ADEL) ទើបមានសិទ្ធស្របច្បាប់ នៅក្នុងការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ សូមជួយចែករំលែក បន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុងសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការ បណ្តុះបណ្តាល បានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនេះបានទេ បើអ្នកបានចូលសិក្សាមិនចែករំលែកបន្ត គឺយើងមិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ។ ដូចនេះ សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត និង សូមឱ្យវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ដំណើរការល្អ ទទួលបានជោគជ័យ និងផ្លែផ្កា តាមការគ្រោងទុក។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ  ជំរុញឲ្យ សហព័ន្ធដែលមិនទាន់បានចុះកិច្ចព្រមព្រៀង ទទួលស្គាល់ ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា និងព្រមអនុវត្តតាម វិធានប្រឆាំងដូប៉ា សូមអញ្ជើញចុះហត្ថលេខា ឱ្យបានរួសរាន់ទាន់ពេលវេលា ព្រោះបើសហព័ន្ធណា មិនបានចុះហត្ថលេខា ទទួលយកវិធានប្រឆាំងដូប៉ា ទៅ អនុវត្តគ្រប់សកម្មភាពការងាររបស់ខ្លួនទេ សហព័ន្ធនោះ មិនមានសិទ្ធិ បើកការប្រកួត កម្រិត អន្តរជាតិ នៅក្នុងប្រទេស ឬទៅចូលរួមប្រកួតកម្រិតអន្តរជាតិបានឡើយ។

និងស្នើគ្រប់សហព័ន្ធជាតិ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គណៈកម្មការជាតិប៉ារ៉ាឡាំពិក កម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងភាគីពាក់ព័ន្ធ អង្គការសង្គមកីឡា មានកិច្ច សហប្រត្តិបត្តការណ៍ល្អ សម្របសម្រួល ផ្តល់ព័ត៌មាន ដែលស្នើសុំដោយទីភ្នាក់ងារកម្ពុជា ប្រឆាំងដូប៉ា ដើម្បីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា មានប្រភពឯកសារ ព័ត៌មានទាក់ទងនឹង កត្តាកំណត់ពីហានិភ័យដូពីងតាមប្រភេទកីឡានីមួយៗ ដែលមានហានិភ័យដូពីងខ្ពស់។ ជាពិសេគ្រប់សហព័ន្ធកីឡាជាតិ គ្រូបង្វឹក មន្ត្រីកីឡា ដៃគូរពាក់ព័ន្ធឯទៀត យកចិត្តទុកដាក់ ស្វែងយល់អំពី វិធានប្រឆាំងដូប៉ា ដើម្បីយល់ដឹងពី សិទ្ធិ តួនាទី កាតព្វកិច្ច របស់ខ្លួន ជា ប្រយោជន៍ដើម្បីចៀសផុតពីកំហុសដែលកើតឡើងដោយអចេតនា៕