រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី ត្រូវរៀបចំតម្កល់នៅសួនច្បារជ័យមង្គល នៃទីស្តីការក្រសួងព័ត៌មាន ដើម្បីជាទីសក្ការបូជា និងជានិមិត្តរូបនៃប្រវត្តិសាស្ត្រ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ការរៀបចំតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គល នៃទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នឹងត្រូវរៀបចំពិធីអភិសេកនៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០ នៅសួនច្បារជ័យមង្គល នៃទីស្តីការក្រសួងព័ត៌មាន ដើម្បីតម្កល់ជាទីសក្ការបូជា និងជានិមិត្តរូបនៃប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែរ។
ការរៀបចំតម្កល់រូបបដិមាទាំងពីរព្រះអង្គនេះ គឺជាផ្នែកមួយនៃការលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ និងកេរដំណែលបុរាណខ្មែរ ព្រមទាំងរួមចំណែកបង្កើនការយល់ដឹង និងការស្រឡាញ់ចំពោះមរតកវប្បធម៌ជាតិ។
ការតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅក្នុងបរិវេណក្រសួងព័ត៌មាន ក៏បង្ហាញពីការយកចិត្តទុកដាក់ចំពោះការថែរក្សា និងលើកស្ទួយកេរដំណែលវប្បធម៌របស់ដូនតា ដើម្បីបន្តផ្សព្វផ្សាយតម្លៃនៃប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់សាធារណជនទាំងក្នុង និងក្រៅប្រទេស។
ព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី មានតម្លៃពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ សិល្បៈ និងវប្បធម៌ខ្មែរ។ ការរៀបចំតម្កល់រូបបដិមាទាំងពីរព្រះអង្គ ក៏ជាការបន្ថែមសោភ័ណភាពដល់បរិវេណស្ថាប័ន និងបង្កើតជាទីតាំងមួយសម្រាប់មន្ត្រីរាជការ និងភ្ញៀវជាតិ-អន្តរជាតិបានស្វែងយល់អំពីកេរដំណែលវប្បធម៌ខ្មែរ។
ក្នុងនាមជាស្ថាប័នដែលមានតួនាទីផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ក្រសួងព័ត៌មានក៏បានយកចិត្តទុកដាក់ចូលរួមអភិរក្ស និងលើកស្ទួយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិ ដើម្បីរួមចំណែកថែរក្សាកេរដំណែលដូនតាឱ្យបានគង់វង្ស និងបន្តទៅកាន់កូនចៅជំនាន់ក្រោយ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានរៀបចំពិធីអភិសេករូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ នៅសួនច្បារជ័យមង្គល នៃទីស្តីការក្រសួងព័ត៌មាន។
ការរៀបចំតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវីនាពេលនេះ គឺជាផ្នែកមួយនៃការបន្តរៀបចំសោភ័ណភាព និងបង្កើនសម្បត្តិវប្បធម៌នៅក្នុងបរិវេណទីស្តីការក្រសួងព័ត៌មាន ព្រមទាំងរួមចំណែកលើកស្ទួយការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងកេរដំណែលវប្បធម៌ខ្មែរ៕


