ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។
ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីចូលរួមក្នុងពិធីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅសាលាក្រុងហូជីមិញនារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ នេះបើយោងតាមការអោយដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ពីទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាព្រឹកថ្ងៃទី៦តុលា២០២៦នេះ។
លោកស្រី ដោ សម្ផស្សបានអោយដឹងទៀតថា៖ ក្នុងជំនួបនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញ សម្រាប់ការទទួលបដិសណ្ឋាកិច្ចបានយ៉ាងល្អប្រសើរក្នុងឱកាសដំណើរបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនៅក្នុងទីក្រុងហូជីមិញ ដ៏មានអត្ថន័យនាពេលនេះ និងបានសម្តែងនូវការអបអរសាទរ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញទាំងអស់ សម្រាប់ការអភិវឌ្ឍ និងសមិទ្ធផលថ្មីៗជាច្រើនដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានធ្វើឲ្យទីក្រុងនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ គួរឲ្យស្ងើចសរសើរ។
ក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រីភាព ឯកឧត្តមអភិបាលក៏បានជម្រាបជូនឯកឧត្តមអនុប្រធាន និងសហការីអំពីស្ថានភាពការអភិវឌ្ឍរាជធានីភ្នំពេញ ដែលកើតចេញពីមនុញ្ញផលនៃ “សុខសន្តិភាព និងស្ថិរភាពនយោបាយ” ដែលត្រូវបានស្តារ និងកសាងឡើងក្រោមគតិបណ្ឌិតដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញ និងអនុវត្តប្រកបដោយភាពជោគជ័យបំផុតនៃ “នយោបាយឈ្នះ-ឈ្នះ” ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យក្រោយការឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនរយឆ្នាំកន្លងមកហើយបច្ចុប្បន្នមរតកដ៏វិសេសថ្លៃថ្លានេះ បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័សជាពិសេសគឺបានផ្តល់នូវបរិយាកាសសង្គម ដែលប្រកបដោយភាពសុខុដុមរមនាមានសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រោមការបន្តពូនជ្រុំថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុតដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់សមត្ថភាពថាមពល និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងការនាំយកនាវាកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជា ឆ្នាំ២០៥០”។
លោកស្រីអ្នកនាំពាក្យបញ្ជាក់ថា៖ក្នុងឱកាសនោះឯកឧត្តមអភិបាលក៏បានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញជាពេលនេះគឺធ្វើឡើងក្នុងឆ្នាំមិត្តភាពខួបលើកទី៥៩ នៃការបង្កើតទំនាក់ទំនងការទូត “កម្ពុជា-វៀតណាម” និងដើម្បីអបអរសាទរខួបលើក២២ នៃការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង “ភ្នំពេញ-ហូជីមិញ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ
ជាការឆ្លើយតប ឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសម្តែងនូវការអបអរសាទរចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលទើបបានធ្វើឡើងរវាងរដ្ឋបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ។ ឯកឧត្តមបានបន្តថា ក្នុងករណីមានបញ្ហាអ្វីកើតឡើងក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់ សាលាក្រុងហូជីមិញបានត្រៀមខ្លួនរួចរាល់ក្នុងការជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។ ក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តមអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញក៏បានជម្រាបជូនសមភាគីកម្ពុជា អំពីការរីកចម្រើននានាទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ប៉ុន្តែទីក្រុងហូជីមិញក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន៖ បញ្ហាចរាចរណ៍ គ្រោះទឹកជំនន់ ការបំពុលបរិស្ថាន និងបញ្ហាគ្រឿងញៀនជាដើម ដែលថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយរួមគ្នា ក្រោយការធ្វើសមហរណកម្មតួនាទីភារកិច្ច និងការទទួលខុសត្រូវពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិរួចមក។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា៖ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានប្រគល់នូវលិខិតអញ្ជើញផ្លូវការរបស់ឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញជូនឯកឧត្តម ឃួង ស្រេង ដើម្បីអញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៦-ស្តីពីការរួមបញ្ចូលគ្នានៃចលករសេដ្ឋកិច្ចសកលថ្មី ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខហើយកម្មវិធីដ៏មានសារសំខាន់នឹងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដៃគូសហប្រតិបត្តិការ អ្នកជំនាញការព្រមទាំងក្រុមហ៊ុនធំៗ សរុបប្រមាណជាង ១.៥០០នាក់ផងដែរ៕


